គណៈប្រតិភូ​ធុរកិច្ច​មកពី​ហុងកុង ក្វាង​ទុង និង​ម៉ា​កាវ បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​

​ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​រសៀល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​ចិន​ប្រចាំ​ទីក្រុង​ហុងកុង​(CGCC) និង​សម្ព័ន្ធ​សហគ្រិន​តំបន់​ឆ្នេរសមុទ្រ​ក្វាង​ទុង​-​ហុងកុង​-​ម៉ា​កាវ (GBA Alliance) ដែល​មាន​ចំនួន​ប្រមាណ​ជា ២០​ក្រុមហ៊ុន ដែល​ដឹកនាំ​ដោយ​លោក Jonathan K.S. Choi ប្រធាន​ក្រុមហ៊ុន Sunwah Group, ប្រធាន CGCC និង​ជា​ប្រធាន GBA Alliance ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ គណៈប្រតិភូ​CGCC និង GBA Alliance បាន​សម្ដែង​នូវ​ចំណាប់អារម្មណ៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​បាន​បង្ហាញ​ជំនឿ​ទុកចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ឱកាស​ការវិនិយោគ​នៅ​កម្ពុជា​។ គណៈប្រតិភូ បាន​ជម្រាបជូន​សម្ដេច​ធិបតី​ថា ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​មក​កាន់​កម្ពុជា​នា​ឱកាស​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​កាលានុវត្តភាព​ក្នុង​ការវិនិយោគ​លើ​វិស័យ​សក្ដានុពល​សំខាន់ៗ​ជាច្រើន​នៅ​កម្ពុជា ដែល​រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ និង​អចលនទ្រព្យ​, ធនាគារ និង​ហិរញ្ញវត្ថុ​, បច្ចេកវិទ្យា​, បញ្ញា​សិប្បនិម្មិត​,​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-Commerce), ថាមពល​, ការដឹកជញ្ជូន​និង​ឡូ​ជី​ស្ទីក​, អាកាសចរណ៍​, កសិកម្ម​, អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សុខាភិបាល​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ចំណាប់អារម្មណ៍​របស់​គណៈប្រតិភូ ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​នៅ​កម្ពុជា​។ សម្តេច​ធិបតី​បាន​គូស​រំលេច​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ចាំបាច់​នានា​របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកទឹកចិត្ត​ដល់​វិនិយោគិន​, ការកែទម្រង់​ស្ថាប័ន​, ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​នានា ព្រម​ទាំង​ការផ្តល់​ការលើក​ចិត្ត​ផ្នែក​ពន្ធដារ លើ​វិស័យ​សក្តានុពល​មួយចំនួន សំដៅ​ធានា​ភាព​រីកចម្រើន និង​ជោគជ័យ​របស់​វិនិយោគិន​នៅ​កម្ពុជា​។ ជាមួយគ្នានេះ សម្ដេច​ធិបតី​បាន​បន្តថា រាជរដ្ឋាភិបាល​ប្ដេជ្ញា​នឹង​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ទាំង​ផ្លូវគោក ផ្លូវទឹក ផ្លូវដែក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ក៏ដូចជា​ការតភ្ជាប់​ផ្លូវអាកាស​ជាមួយ​អន្តរជាតិ សំដៅ​កាត់បន្ថយ​ថ្លៃដើម នៃ​ការដឹកជញ្ជូន​។ ទន្ទឹមនឹងនេះ សម្ដេច​ធិបតី​បាន​សង្កត់ធ្ងន់ថា ការវិនិយោគ​នៅ​កម្ពុជា​គឺជា​ឱកាស​ក្នុង​ការបោះ​ជំហាន​ឈាន​ចូល​ទៅ​ក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ផលិតផល​ទៅកាន់​តំបន់ និង​ពិភពលោក ដោយសារ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​តំបន់​។ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការធានា​នូវ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ប្រកប​ដោយ​ភាព​ធន់​, ភាព​ប្រកួតប្រជែង​, និង​សុខ​សុវត្ថិភាព​។​

​ជាទី​បញ្ចប់ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​CGCC និង GBA Alliance ឱ្យ​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​ឧ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​កម្ពុជា ដើម្បី​ចាប់​យក​ឱកាស​ក្នុង​ការវិនិយោគ​ជាក់ស្ដែង​នៅ​កម្ពុជា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *