លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល ចែក​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល (​ម​.​ស​.​ស​) និង​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ចំនួន ១,០៥១​គ្រួសារ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល ចែក​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល (​ម​.​ស​.​ស​) និង​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ចំនួន ១,០៥១​គ្រួសារ ស្មើ​នឹង​ចំនួន ៤,៦៨៤​នាក់ ។ ការចែក​ប័ណ្ណ​នៅថ្ងៃនេះ គឺ​មាន​ចំនួន ៥៥៩​ប័ណ្ណ ដោយ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ចំនួន ២០៤​នាក់ ទទួលបាន​ប័ណ្ណ​ថ្មី និង​ប្រជាពលរដ្ឋ​ចំនួន ៣៥៥​នាក់ ទទួលបាន​ការបន្ត​សុពលភាព​ប័ណ្ណ​។​

​ជា​កិច្ច​ចាប់ផ្តើម លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​សារ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​លោកតា​លោកយាយ អ៊ំ​ពូ​មីង បងប្អូន កូនៗ ក្មួយៗ ដែល​រស់នៅ​ក្នុង​អង្គការ​ទាំងមូល​។ ទន្ទឹមនឹងនេះ លោកជំទាវ​បណ្ឌិត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ដែល​បាន​សហការ​គ្នា​យ៉ាង​សកម្ម​ដើម្បី​ឧបត្ថម្ភ គាំទ្រ ជួយ​ដល់​ប្រជាពលរដ្ឋ កុមារ ក្រុមគ្រួសារ​ដែល​កំពុង​ជួប​ការលំបាក និង​មាន​តម្រូវការ​ជាប់​ជាប្រចាំ​។​

​ចំពោះ​ការចែក​ប័ណ្ណ​នៅថ្ងៃនេះ លោកជំទាវ​បណ្ឌិត បានបញ្ជាក់​ថា ប័ណ្ណ​នេះ គឺ​សម្រាប់​គាំពារ​សុខភាព​ដែល​ជួយ​កាត់បន្ថយ​បន្ទុក​ចំណាយ​របស់​គ្រួសារ និង​ជួយ​សម្រួល​ដល់​ការ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នានា ដែល​បង្ហាញ​អំពី​ការគិតគូរ យកចិត្តទុកដាក់​យ៉ាង​ដិត​ដល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ជីវភាព សុខភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ឈរ​លើ​ស្មារតី មិន​បោះបង់​ពលរដ្ឋ​ខ្មែ​រណា​ម្នាក់​ឡើយ ។

​លោកជំទាវ​បណ្ឌិត បន្ថែមថា ការជួយ​គ្រួសារ​មួយ​គឺ​មិនមែន​ជួយ​តែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ជួយ​ដល់​សមាជិក​ក្រុមគ្រួសារ ជួយ​ដល់​សហគមន៍ ជាពិសេស​គឺ​រួមចំណែក​ផ្តល់​ឱកាស​ដល់​កុមារ​ឱ្យមាន​ការរីកចម្រើន​ត​ទៅ​មុខ​។ លើសពីនេះ ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ ម​.​ស​.​ស នេះ អាច​ទៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ចំនួន ១៤៣​កន្លែង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​រាប់ពាន់​កន្លែង​ផ្សេងទៀត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *