ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​សំណង់​ស្ទាក់​ទឹក​ព្រែក​តា​យី ជា​ចំណងដៃ​ថ្លៃថ្លា​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ស្រុក​ស្ទឹងត្រង់​

(​កំពង់ចាម​) ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ព្រមទាំង​មន្ទីរជំនាញ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៦ បាន​ចុះ​ពិនិត្យ​ផ្ទាល់​នូវ សំណង់​ស្ទាក់​ទឹក​ព្រែក​តា​យី ស្ថិតក្នុង​ឃុំ​ពាម​កោះ​ស្នារ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​ជា​អំណោយ និង​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថាបនា​រួចរាល់​កាលពី​ឆ្នាំ​២០២៥ ប្រគល់ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​ការចុះពិនិត្យ​នាពេលនេះ ចំ​ពេល​ដែល ទឹកទន្លេ​កំពុង​ហក់​ឡើង និង​ហូរ​ចូល តាម​ប្រព័ន្ធ​ស្ទាក់​ទឹក​យ៉ាង​ល្អប្រសើរ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ស្តុក​ទឹក​ទុក​ឱ្យ​បាន​អតិបរមា សម្រាប់​ប្រើប្រាស់​ទៅមុខ​។ ថ្នាក់ដឹកនាំ​ខេត្ត ក៏​បាន​សង្កេត​លើ​រចនាសម្ព័ន្ធ​សំណង់ និង​ចរន្តទឹក​ហូរ ដើម្បី​ធានា​ថា​សំណង់​ដំណើរការ​ទៅតាម​បទដ្ឋាន​បច្ចេកទេស ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​ថ្នាក់ដឹកនាំ​ខេត្ត​ក៏​បាន​បង្ហាញ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ សម្តេច​ធិបតី នាយករដ្ឋមន្ត្រី និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​រួមគ្នែ​ថែរក្សា​សមិទ្ធផល​ដ៏​ថ្លៃថ្លា​នេះ ព្រមទាំង​គ្រប់គ្រង​ការបើក​-​បិទ​ទឹក​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទាញយក​ផលប្រយោជន៍​ឱ្យ​បាន​យូរអង្វែង​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *