កម្ពុជា​-​ប្រេ​ស៊ីល បង្កើន​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​៖ ឯកអគ្គរដ្ឋទូត​ប្រេ​ស៊ីល សរសើរ​លទ្ធផល​បង្ក្រាប​ស្កេ​ម​នៅ​កម្ពុជា​ថា «​លេចធ្លោ និង​ជាក់ស្ដែង​»

“​ខ្ញុំ​សូម​អបអរសាទរ​យ៉ាង​ក្រៃ​លែង​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការសម្រេច​បាន​លទ្ធផល​ដ៏​លេចធ្លោ និង​ប្រកបដោយ​ភាពជាក់ស្ដែង ក្នុង​ប្រតិបត្តិការ​បង្ក្រាប និង​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជាពិសេស​នា​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​”​។​ ​នេះ​ជា​អំណរ​សាទរ​ថ្លែង​ផ្ទាល់មាត់ ដោយ​លោក​ជំទាវ វី​បាន ឡូ​ស សាន​ម៉ា​តាំង ឯកអគ្គរដ្ឋទូត​ប្រេ​សុ​ី​ល ប្រចាំ​កម្ពុជា ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៦​នេះ​។​

​លោកជំទាវ វី​បាន ឡូ​ស សាន​ម៉ា​តាំង គឺជា​ឯកអគ្គរដ្ឋទូត​ប្រេ​សុ​ី​ល ដំបូង​គេ​ហើយ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ល្បី​ខាង​វិស័យ​បាល់ទាត់​មួយ​នេះ សម្រេច​បង្កើត​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៦​។ វិស័យ​បាល់ទាត់ ក៏​ជា​ប្រធាន​មួយ​នៃ​ជំនួប​នេះដែរ​។ បន្ត​ទៅ​ប្រធានបទ​បង្ក្រាប​បទល្មើស​ស្កេ​ម​អន​ឡា​ញ ភាគី​ទាំងពីរ បាន​ពិភាក្សា​និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល ក្រោម​ស្មារតី​រួម​មួយ​ថា “​ទោះបី​ប្រទេស​យើង​ទាំង​ពីរ​នៅ​ឆ្ងាយ​ពីគ្នា តែ​យើង​នៅតែ​អាច​ធ្វើការ​ជាមួយគ្នា​បាន​យ៉ាង​ជិតស្និទ្ធ​”​។​

​ក្នុយន័យនេះ លោកជំទាវ វី​បាន ឡូ​ស សាន​ម៉ា​តាំង បានបង្ហាញ​មោទនភាព​ដែល​ក្លាយជា​ឯកអគ្គរដ្ឋទូត​ប្រ​សុីល​ដំបូង​គេ​នៅ​កម្ពុជា ជា​ពិសេស​ក៏​ក្នុងពេលដែល​កាលៈទេសៈ​បាន​តម្រូវ​ឱ្យ​ប្រេ​សុ​ី​ល និង​កម្ពុជា បង្កើន​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួម​ទាំង​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ថ្វី​ដ្បិត​ទើប​ចូល​កាន់តំណែង​នៅ​កម្ពុជា ប៉ុន្តែ លោកជំទាវ បាន​ជម្រាប ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ថា​ប្រេ​សុ​ី​ល បាន​តាមដាន និង​ក៏​មាន​កិច្ចសហការ​យ៉ាង​ល្អ ជា​បន្តបន្ទាប់​ជា​មួយ​ក្រសួងមហាផ្ទៃ រួមទាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើ​ការងារ​បង្ក្រាប​អន​ឡាញ​ស្កេ​ម និង​អំពើ​ជួញដូរ​មនុស្ស​។​

​លោកជំទាវ​បន្តថា​ ​បច្ចុប្បន្ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ប្រេ​សុ​ី​ល កំពុង​ពិភាក្សា​និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ជា​បន្តបន្ទាប់ ដើម្បី​ឈាន​ទៅ​សម្រេច​អនុស្សរណៈ​នៃ​ការយោគយល់ (MOU) និង​ក៏​បាន​កំពុង​ធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ ពាក់ព័ន្ធ​នឹង​ការ​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ការសម្របសម្រួល​បញ្ជូន​ជនជាតិ​ប្រេ​សុ​ី​ល​ទៅ​ប្រទេស​កំណើត និង​លើ​ករណី​ជនជាតិ​ប្រ​សុីល​ឃុំខ្លួន​នៅ​កម្ពុជា​។​

​លោកជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ក្រសួង​មហាផ្ទៃ​កម្ពុជា ដែល​បាន​បើកចំហ​ទទួលយក​មតិយោបល់​ពី​គ្រប់ភាគី ជាពិសេស​ការឈាន​ទៅ​ដាក់ឱ្យ​អនុវត្ត​បែបបទ​ថ្មី​មួយ​ពាក់ព័ន្ធ​នឹង​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​។ លោកជំទាវ បានដាក់​ក្ដី​រំពឹង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា តាមរយៈ​តួនាទី​ជា​ឯកអគ្គរដ្ឋទូត និង​ដោយឡែក​តាមរយៈ MOU ដែល​លេចចេញ​ជា​រូបរាង​ឆាប់ៗ​ខាងមុខ ភាគី​ទាំងពីរ នឹង​អាច​សម្រេចបាន​លទ្ធផល​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​ជាច្រើន​ទៀត ជាពិសេស​លើ​ការងារ​សន្តិសុខ និង​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ថ្លែង​អំណរ​គុណ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត ចំពោះ​ប្រសាសន៍​វាយតម្លៃ​ប្រកបដោយ​ការលើកទឹកចិត្ត​មកលើ​ការខិតខំ​ប្រែង​របស់​កម្ពុជា​ក្នុងការ​បោសសម្អាត​បទល្មើស​អន​ឡាញ​ស្កេ​ម​។ យ៉ាងណាក៏ដោយ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​សង្កត់ធ្ងន់ថា កម្ពុជា​មិន​ទាន់​ដល់​ពេល​បន្ធូរដៃ​នៅឡើយ​ទេ ពីព្រោះ​ពួក​ឧក្រិដ្ឋជន​កាន់តែ​មាន​ល្បិច​ថ្មីៗ ដែល​ទាមទារ​ឱ្យ​ធនធាន​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ទទួលបាន​ការបណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ឱ្យទាន់​សភាពការណ៍​។ ត្រង់​ចំណុច​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ថ្លែងអំណរគុណ​ប្រេ​ស៊ីល​ដែល​បាន​ប្រកាស​ត្រៀម​ជួយ​កម្ពុជា​តាមរយៈ​យន្តការ​MOU​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​គូសបញ្ជាក់​ឡើងវិញ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​តាំងចិត្ត​ខ្ពស់​បោសសម្អាត​បទល្មើស​អន​ឡាញ​ស្កេ​ម​ឱ្យ​ដល់​ឬ​សគល់​ដោយ​គ្មាន​ការ​ដក​ដៃ ពោល​គឺ​ទោះបីជា​ជនជាតិខ្មែរ ឬ​ជាតិ​សាសន៍​ណា​ក៏​ដោយ សមត្ថកិច្ច​ត្រូវតែ​បង្ក្រាប​ឱ្យ​ខាងតែបាន និង​ដោយ​គ្មាន​ការលើកលែង​។ ជាក់ស្ដែង មក​ដល់​ខែ​សីហា​នេះ ទីតាំង​ធំៗ​ជាច្រើន​កន្លែង​ត្រូវបាន​បិទទ្វារ​ជា​ស្ថាពរ មេក្លោង​តូចធំ​ត្រូវបាន​ចាប់ខ្លួន ខ្លះ​ជាប់ឃុំ​នៅ​ក​ម្ពជា ខ្លះ​បញ្ជូនទៅ​ប្រទេស​កំណើត ខណៈ​ជនបរទេស​ជិត​៤០​ម៉ឺន​នាក់​ត្រូវ​បណ្ដេញចេញ និង​ចាកចេញ​ដោយ​ស្ម័គ្រចិត្ត គិត​ចាប់ពី​ដើម​នីតិកាល​ថ្មី​មក​។​

​ក្នុងឱកាស​នោះ​ដែរ ភាគី​ទាំងពីរ ក៏​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា អំពី​ការត្រៀម​រៀបចំ​សន្និសីទ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែ​កញ្ញា​ខាង​មុខ និង​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន ដូចជា​ក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​កីឡា​ជាដើម​។ ក្នុង​វិស័យ​កីឡា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​រំលេច​អំពី​វត្តមាន​កាន់តែច្រើន​នៃ​កីឡាករ​បាល់ទាត់​ប្រេ​សុ​ី​ល​នៅ​កម្ពុជា ក្នុងនោះ​ក៏​មាន​កីឡាករ​បាន​ចូល​សញ្ជាតិ​ខ្មែរ និង​ក្លាយ​ជា​សមាជិក​ក្រុម​ជម្រើសជាតិ ខណៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ ​ក៏​បាន​អបអរសាទរ​ចំពោះ​កីឡាករ​ប្រដាល់​សញ្ជាតិ​ប្រេ​ស៊ីល​ចូល​សញ្ជាតិ​ខ្មែរ ដែល​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​នៅ​កម្ពុជា​បាន​ចាប់អារម្មណ៍​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *