សម្ពោធ​អគារសិក្សា​ថ្មី​មួយទៀត​នៅ​ព្រៃវែង ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រម្លឹក​ជាថ្មី​អំពី​គុណ​តម្លៃ​នៃ​ការសិក្សា​!

​ខេត្ត​ព្រៃវែង ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​មានប្រសាសន៍​អំពាវនាវ​នៅ​ថ្ងៃទី​២៩ ខែ​សីហា​នេះ ដល់​អាណាព្យាបាល​គ្រប់រូប បន្ត​ជំរុញ​កូនៗ ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ ដើម្បី​កសាង​គ្រឹះ​ចំណេះដឹង​រឹងមាំ​សម្រាប់​អនាគត​។​

​ក្នុង​ពិធី​សម្ពោធ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ១​ខ្នង នៅ​វិទ្យាល័យ ហ៊ុន​សែន ព្រែក​សណ្តែក ស្រុក​ស៊ីធរ​កណ្តាល ខេត្ត​ព្រៃវែង ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​សង្កត់ធ្ងន់​ថា​ន​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​និង​កំពុង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម ទាំង​លើ​ជីវភាព​រស់នៅ សុវត្ថិភាព និង​សន្តិសុខ​សង្គម ដើម្បី​ធានា​លទ្ធភាព​នៃ​ការសិក្សា​រៀនសូត្រ​របស់​សិស្ស​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ព្រមទាំង​សប្បុរសជន ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួម​សាមគ្គី​គ្នា​កសាង​រហូត​លេចចេញ​ជា​រូបរាង​សមិទ្ធផល​នៅ​ថ្ងៃនេះ ដោយ​បាន​ចាត់ទុក សមិទ្ធផល​នេះ​ថា ជាការ​រួមចំណែក​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​យុវជន​ជាពិសេស​សិស្សានុសិស្ស ដែល​ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​អនាគត​របស់​ប្រទេសជាតិ ក្រៅ​ពី​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ ត្រូវ​ចូលរួម​ពង្រឹង និង​គោរព​ច្បាប់​ចរាចរណ៍ ឱ្យបាន​ខ្ជាប់ខ្ជួន ព្រោះ​ការគោរព​ច្បាប់​ចរាចរណ៍​មិន​ត្រឹមតែ​ជា​ការការពារ​ជីវិត​និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ការបង្ហាញ​ពី​សីលធម៌​និង​ធ្វើជា​គំរូ​ល្អ​ក្នុង​សង្គម​ផងដែរ​។​

​គួរកត់សម្គាល់​ថា នៅក្នុង​ស្រុក​ស៊ីធរ​កណ្តាល មាន​គ្រឹះស្ថាន​សិក្សា​រដ្ឋ ចំនួន​៥៩​កន្លែង ក្នុងនោះ​មាន​វិទ្យាល័យ ២​កន្លែង អនុវិទ្យាល័យ​៩​កន្លែង បឋមសិក្សា ៤៧​កន្លែង និង​មាន​សាលា​មត្តេយ្យ ដាច់​ពី​បឋមសិក្សា ១​កន្លែង​។ ដោយឡែក អគារសិក្សា ១​ខ្នង កម្ពស់​២​ជាន់ មាន​១២​បន្ទប់ ដែល​ដាក់​សម្ពាធ​ឱ្យ​ប្រើស​ប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ ត្រូវបាន​កសាង​ចាប់តាំងពី​ឆ្នាំ​២០២៤ និង​រួចរាល់​ក្នុង​ឆ្នាំ​២០២៦​។​

​សូម​បញ្ជាក់​ជូន​ថា ក្នុង​ឆ្នាំ​សិក្សា​២០២៥-២០២៦ វិទ្យាល័យ ហ៊ុន សែន ព្រែក​សណ្តែក មាន​បុគ្គលិក​សរុប ចំនួន ៧៣​នាក់ ស្រី ១៥​នាក់ និង​មាន​សិស្ស សរុប​ចំនួន ១ ៦៩២​នាក់ ស្រី ចំនួន ៩៤៤​នាក់​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *