សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​

កណ្តាល ៖ ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ១​រោច ខែ​ស្រាពណ៍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៦ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ជជែក​ការងារ​ជាមួយ​លោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​។ ជំនួប​នេះ ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ ពី​ភូមិគ្រឹះ​តាខ្មៅ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេច​តេជោ បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការរីករាយ​ដែលបា​ន​ជួប​សន្ទនា​សា​ជា​ថ្មី​ជាមួយ​នឹង​លោក​ជំទាវ​ប្រធាន​រដ្ឋសភា​របស់​អា​ស៊ែ​បៃ​ហ្ស​ង់​។ សម្ដេច​តេជោបា​ន​អរគុណ​ចំពោះ​លោក​ជំទាវ​ដែល​បាន​បញ្ជូន​នូវ​សមាជិក​សភា​របស់​អា​ស៊ែ​បៃ​ហ្សង់​មក​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ប្រធានសភា​នៃ​អន្តរ​សភា​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដែល​ទើបតែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ​។ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំ​នាក់​ទំនង​រវាង​កម្ពុ​ជា និង​អា​ស៊ែ​បៃ​ហ្សង់​ដែល​មាន​ភាពល្អប្រសើរ ហើយ​ប្រទេស​ទាំង​ពីរ​កំពុង​តែ​សហការគ្នា​យ៉ាង​ល្អ​។ សម្ដេច​ក៏​បាន​រំលឹក​អំពី​ប្រវត្តិ​ដែល​សម្ដេច​ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ជា​បន្តបន្ទាប់​។​

​នៅក្នុង​ឱកាស​នោះ​លោកជំទាវ ប្រធានរដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​ទទួល​ជួបជា​មួយ​លោក​ជំទាវ​តាមរយៈ​ការសន្ទនា​តាម​រយៈ​វីដេអូ នៅពេលនេះ​។ លោកជំទាវ​បាន​លើកឡើង​ថា លោកជំទាវ​រីករាយ​ណាស់​ដែល​បាន​សន្ទនា​ជាមួយ​សម្ដេច​តេជោ​សាជាថ្មី​។ នៅក្នុង​ឱកាស​នោះ​លោកជំទាវ​ក៏បាន​អបអរ​ចំពោះ​កម្ពុជា​ដែល​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ស​ន្និសិទ​ប្រធានសភា នៃ​អន្តរ​សភា ដែល​ទើបតែ​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​នៅ​ពេល​ថ្មីៗ​នេះ​នៅក្នុង​ឱកាស​នោះ​លោកជំទាវ​ក៏​បាន​ជម្រាប​សម្ដេច​តេជោដោយ​អញ្ជើញ​សម្ដេច​តេជោ​ទៅ​ទស្សនកិច្ច​នៅ​អាស៊ែ​បៃ​ហ្សង់​នៅពេលខាងមុខ ហើយ​បន្ថែម​ពីលើ​នេះ លោកជំទាវ​ក៏​បាន​ស្នើសុំ​នូវ​ការគាំទ្រ​ពី​ពី​សំណាក់​កម្ពុជា​តាម​ស្នើសុំ​ទៅកាន់​សម្ដេច​តេជោឲ្យ​ជួយ​គាំទ្រ​លោក​ជំទាវ​ជា​បេក្ខភាព ប្រធាន IPU សហភាព​អន្តរ​សភា ដែល​លោក​ជំទាវ​គឺ​ជា​បេក្ខភាព​មួយ​រូប​សម្រាប់​ឈរ​ជា​ប្រធាន​នៃ IPU​។

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ​បានសម្ដែង​នៅ​ការពេញចិត្ត​ចំពោះ​ការ​លើកឡើង​របស់​លោក​ជំទាវ ជាពិសេស​អរគុណ​ចំពោះ​លោក​ជំទាវ​ដែល​បាន​អបអរសាទរ​ជុំវិញ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា ដែល​ទើបតែ​បញ្ចប់​ទៅ​ថ្មីៗ​។
​សម្ដេច​តេជោក៏បាន​ទទួលយក​នូវ​ការអញ្ជើញ​របស់​លោកជំទាវ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស អា​ស៊ែ​បៃ​ហ្សង់​នៅពេលខាងមុខ​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា សម្ដេច​នឹង​ពិនិត្យមើល​នូវ​ពេលវេលា​សមស្រប​ដើម្បី​ទៅ​ទស្សនកិច្ច​សាជាថ្មី នៅ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។ សម្ដេច​តេជោក៏បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​លោកជំទាវ​ដែល​ស្វែងរក​ការគាំទ្រ​ពី​កម្ពុជា​នៅក្នុង​បេក្ខភាព​របស់​លោកជំទាវ​គឺជា​ប្រធាន IPU ដែល​នឹង​បោះឆ្នោត​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៦ ខាងមុខ​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា សម្រាប់​កម្ពុជា​នឹង​ពិចារណា​ដោយ​យកចិត្តទុកដាក់ និង​មាន​ការអនុគ្រោះ​ចំពោះ​ការស្នើសុំ​របស់​អា​ស៊ែ​បៃ​ហ្សង់​នៅពេលនេះ​។​

​ជា​ចុងក្រោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​លោក​ជំទាវ​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ភារកិច្ច​របស់​លោកជំទាវ​នៅពេល​ខាងមុខ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *