កម្ពុជា​សម្របសម្រួល​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន ចុះ​ពិនិត្យ​ផ្ទាល់​នៅ​បង្គោល​ព្រំដែន​លេខ​៧២ ខេត្ត​កោះកុង​

នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៨:៣៧​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំ​ដោយ ប្រធាន​បេសកកម្ម​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT KH HOM) ពី​សាធារណរដ្ឋ​ហ្វីលីពីន ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៧២ (​បង្គោល​ឯកភាព​) ស្ថិតក្នុង​ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​។

​ការចុះ​សង្កេតការណ៍​នេះ​មាន​គោលបំណង​ផ្តល់ជូន​អ្នកសង្កេតការណ៍​អាស៊ាន​នូវ​ការយល់ដឹង​ស៊ីជម្រៅ និង​ផ្អែកលើ​ការសង្កេត​ផ្ទាល់ អំពី​ស្ថានភាព​នៅ​បង្គោល​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា​រវាង​ភាគី​កម្ពុជា​និង​ភាគី​ថៃ ព្រមទាំង​បង្ហាញ​ពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី តាមរយៈ​ការពិភាក្សា និង​យន្តការ​ទ្វេភាគី ស្របតាម​ច្បាប់​អន្តរជាតិ កិច្ចព្រមព្រៀង​ទ្វេភាគី​ដែល​មាន​ជា​ធរមាន និង​អាណត្តិ​របស់​គណៈកម្មកា​រ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC)​។​

​កម្ពុជា​នៅតែ​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែនឥ​ណ្ឌូ​ចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ពិធីសារ​កំណត់ព្រំដែន ផែនទី​ដែល​ជា​លទ្ធផល​នៃ​ការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម កំណត់ហេតុ​កិច្ចប្រជុំ និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​ព្រំដែនឥ​ណ្ឌូ​ចិន​-​សៀម MOU ឆ្នាំ​២០០០ TOR ឆ្នាំ​២០០៣ ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​នា​ពេលកន្លងមក ដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី សម្រេចបាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំង​ពីរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *