ឯកឧត្តម អ៊ុន ចាន់​ដា ណែនាំ​ដល់​មន្ត្រី​គណបក្ស​ក្រុង​កំពង់ចាម បន្ត​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​មូលដ្ឋាន​ក្រុង​កំពង់ចាម បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​មន្ត្រី​គណបក្ស​ក្រុង​កំពង់ចាម ឱ្យ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ឲ្យបាន​កាន់តែ​ល្អប្រសើរ​។​

​ការណែនាំ​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម ប្រចាំ​ឆមាស​ទី​១ និង​ទិសដៅ​ភារកិច្ច​ឆមាស​ទី​២ ឆ្នាំ​២០២៦ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​គណបក្ស​ក្រុង​កំពង់ចាម​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែង​នូវ​ប្រសាសន៍​ណែនាំ និង​ផ្តាំផ្ញើ​បន្ថែម​ដល់​ក្រុម​ការងារ​ទាំងអស់ ត្រូវ​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ ជា​ពិសេស​ការអនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ធានាបាន​នូវ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ត្រូវ​ខិតខំ​បម្រើសេវា​សាធារណៈ ទាំង​សេវា​តម្រូវការ និង​សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស តម្លាភាព និង​មាន​គណនេយ្យភាព ដោយ​លុបបំបាត់​រាល់​ភាពយឺតយ៉ាវ និង​បាតុភាព​អសកម្ម​នានា​ឱ្យ​អស់ពី​មូលដ្ឋាន​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *