សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​ពុធ ១២​រោច ខែ​ស្រាពណ៍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អុីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្តេច​តេជោ​បាន​សម្ដែង​នូវ​ក្តី​រីករាយ​ក្នុង​ព្រះបរមនាម ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេ​ជោបាន​ស្វាគមន៍​ហើយ​អបអរ​សាទរ​ចំពោះ​ឯកឧត្តម​ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​សម្ដេច​សង្ឃឹមថា ក្នុងនាម​ឯកឧត្តម​ជា​ឯកអគ្គរដ្ឋទូត​នឹង​ញ៉ាំង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អ៊ីរ៉ង់​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​នៅក្នុង​ឱកាស​នោះ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​នៅ​កម្ពុជា
​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឲ្យឯ​ក​ឧត្តម​បាន​ជួប ជូន​សារតាំង​នៅក្នុង​ឱកាស​នេះ​។ ឯកឧត្តម​បាន​លើកឡើង​ថា ឯកឧត្តម​បាន​ស្គាល់​សម្ដេច​តេជោ​តាម​រយៈកា​រ​បញ្ជាក់​អំពី​ជំហរ​នៃ​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អ៊ីរ៉ង់ ឲ្យ​កាន់តែ​មាន​ភាព​សកម្ម និង​កាន់តែ​រីកចម្រើន​។ សម្ដេច​ចង់​ឃើញ​ការពង្រីក​នូវ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រីកចម្រើន ជាពិសេស​ផ្ដោតទៅលើ​វិស័យ​កសិកម្ម​។

​ជា​ចុងក្រោយ សម្ដេច​តេជោ​ហ៊ុន សែន បាន​ជូនពរឲ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូ​ត​អ៊ីរ៉ង់​ប្រចាំ​នៅ​កម្ពុជា ទទួលបាន​នូវ​ភាពជោគជ័យ​នៅ​ក្នុង​បេសកកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *