គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​

ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំ​ដោយ លោកស្រី ចាន់ សុខ​វាសនា (Sokveasna Chan) ស្ថាបនិក និង​ជា​ប្រធាន ACBC ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី​ប្រធាន ACBC បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី​ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​គណៈប្រតិភូ ACBC ចូលជួប​សម្ដែង​ការគួរសម និង​បាន​គោរព​ជម្រាប​ជូន​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច ដើម្បី​ស្វែងរក​កាលានុវត្តភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា​។ លោកស្រី​បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​នេះ​, គណៈប្រតិភូ​បាន​ជួបពិភាក្សា​ការងារ និង​សម្ដែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​បាន​សម្តែង​ការកោតសរសើរ​ព្រមទាំង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការស្វាគមន៍ និង​ការគាំទ្រ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បាន​ចែករំលែក​ព័ត៌មាន​អំពី​សក្តានុពល​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​របស់​កម្ពុជា​។ ជាពិសេស​, បណ្តា​ក្រុមហ៊ុន​របស់ ACBC បានបង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​ឡូ​ជី​ស្ទីក​, វិស័យ​កសិកម្ម និង​គ្រឿង​សង្ហា​រឹម សំដៅ​ជំរុញ​ការតភ្ជាប់​រវាង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ពីរ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​មាន​វិសាលភាព​ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ស្ថាបនិក និង​គណៈប្រតិភូ ACBC ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​ធុរកិច្ច​នៅ​កម្ពុជា​នា​ពេល​នេះ​។ សម្តេច​ធិបតី​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ជា​កម្លាំងចលករ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការជំរុញ​ការតភ្ជាប់​ទំនាក់ទំនង​ធុរកិច្ច​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ដោយ​បាន​គូសបញ្ជាក់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ជាច្រើន​ដែល​អាច​ពង្រីក​កិច្ចសហប្រតិបត្តិការ​បា​ន ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។ សម្តេច​ធិបតី​ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា នៅ​ថ្ងៃ​អនាគត ផលិតផល​កម្ពុជា​នឹង​មាន​វត្តមាន​កាន់តែ​ច្រើន​ឡើង​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​។ បន្ថែម​ពី​នេះ​, សម្តេច​ធិបតី​បាន​គូស​រំលេច​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់​គោលដៅ​ប្រែក្លាយ​កំពង់ផែ​ក្រុងព្រះសីហនុ​ឱ្យទៅ​ជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​ក្នុង​តំបន់ ព្រមទាំង​មាន​បំណង​ជំរុញ​ការតភ្ជាប់​រវាង​កំពង់ផែ​នេះ ជាមួយ​បណ្តា​កំពង់ផែ​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​ផងដែរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *