ភ្នំពេញ ៖ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានដ៏ឧដុង្គឧត្តមរបស់ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះឆ្លុះបញ្ចាំងអំពីការបន្តពូនជ្រំចំណងមិត្តភាពទ្វេភាគី និងការបន្ដពង្រឹង និងពង្រកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាសម្តេចធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការធ្វើទំនើបកម្មយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងនាមជាប្រធានាធិបតីនាពេលនេះ ឯកឧត្តមបានមើលឃើញយ៉ាងច្បាស់ពីការប្រែប្រួលមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា បើធៀបនឹងទស្សនកិច្ចកាលពីឆ្នាំ២០១៧។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា, ឯកឧត្តមប្រធានាធិបតីចាត់ទុកកម្ពុជា គឺជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាមិត្តដែលតែងតែជួយគាំទ្រដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពិភពលោក ជាពិសេសក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។
សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស, កិច្ចការសាសនា, និងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងក្នុងការគាំទ្រគ្នាក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សា និងប្ដេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា, មីយ៉ាន់ម៉ា និងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន, និងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា៕

