អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ជាបន្ទាន់​តាមរយៈ​កម្មវិធី “Kapea App” ប្រសិនបើ​មាន​ការសង្ស័យ​ពី​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​អំពាវនាវ និង​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​រាយការណ៍​ភ្លាមៗ​ចូលទៅ​ក្នុង​កម្មវិធី “Kapea App” ប្រសិនបើ​មាន​ការសង្ស័យថា​ជា​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ឯកឧត្តម ថ្លែង​បែប​នេះ​នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៦ ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) រយៈពេល ៩​ខែ ដើមឆ្នាំ​២០២៦ នៅ​សាលសន្និសីទ​សាលាខេត្ត​។​

​ឯកឧត្តម អភិបាលខេត្ត បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​ល្បិចកល​របស់​ក្រុម​ជនខិលខូច​តាម​ប្រព័ន្ធ​អន​ឡាញ​មាន​ភាពស្មុគស្មាញ និង​ផ្លាស់ប្តូរ​រូបភាព​ជា​ច្រើន ដូច្នេះ​ការចូលរួម​រាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​តាមរយៈ​កម្មវិធី Kapea App គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ទាន់​ហេតុការណ៍​បំផុត ដែល​ជួយ​ឱ្យ​សមត្ថកិច្ច​ជំនាញ​អាច​អន្តរាគមន៍ បង្ការ និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​បាន​ទាន់ពេលវេលា​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម​ទាំង​អស់ ត្រូវ​ចេះ​ការពារ​ខ្លួន និង​ត្រូវ​ចាត់​ទុក​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ដូច​ជា​មេរោគ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ដែល​អាច​សម្លាប់​យើង ឬ​បំផ្លាញ​យើង​បាន​គ្រប់ពេល ប្រសិនបើ​យើង​មានការ​ឆ្វេស​ប្រហែស​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ពី​របៀប​ប្រើប្រាស់​កម្មវិធី Kapea App នេះ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យបាន​ទូលំទូលាយ សំដៅ​រួមគ្នា​រក្សា​សន្តិសុខ សុវត្ថិភាព និង​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *