​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង

ខេត្ត​បាត់ដំបង ៖ នា​រសៀល​ថ្ងៃ​សៅរ៍ ១​កើត ខែ​ភទ្របទ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ​២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៦ នេះ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមការងារ និង​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រារព្ធ​នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​សង្កែ ។​

​មានប្រសាសន៍​នាឱកាស​នោះ ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​អនុប្រធាន​គណបក្ស សម្តេច សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ឯកឧត្តម ឡោក ហួរ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​សង្កែ និង​សហការី ព្រមទាំង អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ សមាជិក សមាជិកា​គណបក្ស និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទូទាំង​ស្រុក​សង្កែ ដែល​បាន​ប្តេជ្ញា​ចិត្ត​រួម​គ្នា​នាំមក​នូវ ជោគជ័យ​ជូន​គណបក្ស​ក្នុង​ការបោះឆ្នោត​ជា​បន្តបន្ទាប់ នា​ពេលកន្លងមក ទាំង​ការបោះឆ្នោត ជាតិ និង​ការបោះឆ្នោត​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ក្នុងឱកាស​នោះ សម្តេច សូម​ថ្លែង​នូវ​ការកោតសរសើរ អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក ដឹកនាំ​ដោយ​ឯកឧត្តម ហែម វណ្ណឌី និង​សហការី រួម​ទាំង​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ ភូមិ​នានា និង​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ទូទាំង​ស្រុក​សង្កែ ដែល​បាន​សហការ​គ្នា​ខិតខំ​អនុវត្ត​នូវ​កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ចូលរួម​ថែរក្សា ពង្រឹង​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ខិតខំ​ជំរុញ​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ ព្រមទាំង​ខិតខំ​រួមគ្នា ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​សំណូមពរ និង​សេចក្តីត្រូវការ ចាំបាច់​របស់​ប្រជាពលរដ្ឋ​។​

​សម្ដេច ក៏​បាន​គូសបញ្ជាក់​អំពី​ការវិវត្ត​ប្រែប្រួល​នៃ​សភាពការណ៍ អន្តរជាតិ សភាពការណ៍​ក្នុង​តំបន់ និង​សភាពការណ៍​ប្រទេសជាតិ​របស់​យើង ព្រមទាំង​គោល ការណ៍​ណែនាំ​របស់​គណបក្ស​យើង ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី​៦ ឆ្នាំ​២០២៧ ដើម្បី​យើង​ធ្វើ​ការប្តេជ្ញាចិត្ត​រួម​គ្នា​បន្ត​ដណ្តើម​ជោគជ័យ​ឱ្យបាន​ដាច់ខាត​ក្នុងការ បោះ​ឆ្នោត​ដ៏​មាន​សារៈសំខាន់​នេះ​។​

​សម្ដេច​មានប្រសាសន៍​បន្តថា ក្នុងពេល​ដែល​ប្រទេស​ថៃ​ធ្វើ​សកម្មភាព​ឈ្លានពាន​មក​លើ​ទឹកដី​កម្ពុជា​យើង ក្រុមការងារ​គណបក្ស ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន និង​អាជ្ញាធរ​គ្រប់​ថ្នាក់ ក៏បាន បំផុស​ចលនា​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន ក្នុង​ស្រុក​សង្កែ ចូលរួម​ពង្រឹង​សាមគ្គីភាព​ជាតិ​ក្នុង​ស្មារតី «​ខ្មែរ​តែ​មួយ​» ជុំវិញ​រាជរដ្ឋាភិបាល រួមគ្នា​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ដោយ បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ជូន​ដល់​វីរ​យុទ្ធជន ព្រមទាំង​គ្រួសារ​យុទ្ធជន​នៅ​សមរភូមិ​មុខ ជនភៀសសឹក និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិល​ត្រឡប់ មកពី​ប្រទេស​ថៃ ដែល​សកម្មភាព​ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ ស្មារតី​សាមគ្គី និង​ការប្តេជ្ញា ចិត្ត​ដ៏​មុតមាំ​របស់​ប្រជាជន​កម្ពុជា​រួបរួមគ្នា​ការពារ​ទឹកដី និង​ផលប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម របស់​ជាតិ​។​

​សម្ដេច មានប្រសាសន៍​បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការកំណត់ និង​រៀបចំ​នូវ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​យ៉ាង​ទៀងទាត់ ស្រប​តាម​អាណត្តិ ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​បោះឆ្នោត ដើម្បី​ជំរុញ និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការពង្រឹង​ស្ថិរភាព​នយោបាយ សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ រាជរដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃអាទិត្យ ទី​៦ ខែមិថុនា ឆ្នាំ​២០២៧ ជា​ថ្ងៃ​បោះឆ្នោត ឃុំ សង្កាត់ អាណត្តិ​ទី​៦ ស្រប​តាម​អាណត្តិ​៥​ឆ្នាំ ដែល​កំណត់​ក្នុង​ច្បាប់​។​

​ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​អនុប្រធាន​គណបក្ស សម្តេច សង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹង​បន្ត​ពង្រឹង​ឆន្ទៈ​ការប្តេជ្ញាចិត្ត​រួម​គ្នា​ដើម្បី​បន្តបាន​ជោគជ័យ​សម្រាប់​គណបក្ស ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៦ ឆ្នាំ​២០២៧ នេះ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *