សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម អ៉ិ​ស៊ិ​ហ្សឹ​គិ ហ៊ិ​ដិ​អុ (ISHIZUKI Hideo) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​អង្គារ ១​រោច ខែ​អស្សុជ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញ្ញាត​ឱ្យ ឯកឧត្តម អ៉ិ​ស៊ិ​ហ្សឹ​គិ ហ៊ិ​ដិ​អុ (ISHIZUKI Hideo) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ហើយ​សម្ដេច​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​បេសកកម្ម​ការងារ​របស់​ឯកឧត្តម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ឯកអគ្គរាជទូត នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ជប៉ុន​ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​បន្ថែម​ទៀត​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម​ក្នុង​ឱកាស​នេះ​។ ឯកឧត្តម​បាន​សរសើរ​ពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​សម្ដេច​តេជោ​ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន​មកដល់​ពេល​បច្ចុប្បន្ន​នេះ​។ ឯកឧត្តម​ក៏បាន​រំលេច​ផងដែរ​ថា ប្រទេស​កម្ពុជា និង​ជប៉ុន គឺជា​មិត្ត​ដ៏​ល្អ​ជាមួយ​គ្នា ហើយ​នៅក្នុង​អាណត្តិ​ការងារ​របស់​ឯកឧត្តម ជា​ឯកអគ្គរាជទូត​របស់​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការពង្រីក​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ជប៉ុន​ឱ្យ​កាន់តែ​រីកចម្រើន​។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏បាន​លើកឡើង​នូវ​កិច្ចសហប្រតិបត្តិការ​មួយចំនួន​ដែល​ប្រទេស​ទាំង​ពីរ​គប្បី​ត្រូវធ្វើ​បន្ថែម​គឺ​ទាក់ទង​ទៅនឹង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​ជាដើម ហើយ​សំខាន់​ថែម​ទៀត​នោះ គឺ​ការ​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​។​

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​នូវ​ការ​លើកឡើង​របស់​ឯកឧត្តម​ឯកអគ្គរាជទូ​ត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ពិពណ៌នា​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និង​ជប៉ុន ដែល​មាន​មក​ជាមួយ​គ្នា​។ សម្ដេច​បាន​លើកឡើង​ថា ពេល​នេះ​ប្រទេស​ទាំង​ពីរ​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែល​បាន​ពូន​ជ្រុំ​នា​ពេល​កន្លង មក​តាំង​ពី​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី ហើយ​បន្ត​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេល​បច្ចុប្បន្ន​។ សម្ដេច​ពិតជា​ពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ សម្ដេច​បន្ថែម​ថា​ទំនាក់ទំនង​ស្នូល​រវាង​កម្ពុជា​និង​ជប៉ុន គឺ​មិន​អាច​ខ្វះ​បាន​ឡើយ នូវ​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដែល​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។ ទាក់ទង​ទៅនឹង​ទំនាក់ទំនង​នយោបាយ​រវាង​កម្ពុជា និង​ជប៉ុន សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​ជប៉ុន​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា នា​ពេលកន្លងមក​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ឱ្យ​បំពេញ​បេសកកម្ម​កា​រងារ​ប្រកបដោយ​ជោគជ័យ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *