​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម អូ​លី​វែរ រី​ឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​អង្គារ ១​រោច ខែ​អស្សុជ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២៦ បន្ទាប់ពី​ជួប​ជាមួយនឹង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​រួច​ហើយ​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បន្ត​អនុញ្ញាតឱ្យ​ឯកឧត្តម អូ​លី​វែរ រី​ឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តីរីករាយ និង​ស្វាគមន៍​ចំពោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ជំនួប​សម្ដែង​ការគួរសម​នាពេលនេះ​។ សម្ដេច​ក៏​បាន​លើកឡើង​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​បារាំង​នាពេល​បច្ចុប្បន្ន ដែល​កំពុងតែ​មាន​ភាព​ស្អិតរ​មួ​ត​ជាមួយគ្នា​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​របស់​បារាំង​ប្រចាំ​កម្ពុជា បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។
​ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេជោ​អំពី​គោលបំណង​នៃ​ការជួបជា​មួយនឹង​សម្ដេច​តេជោ​នៅពេលនេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម អេ​ម៉ា​នូអែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​មកកាន់​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ នៅក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នី ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។ ឯកឧត្តម​ក៏បាន​ពិភាក្សា និង​ស្នើ​ទៅកាន់​សម្ដេច​តេជោ​ទាក់ទងនឹ​ង​គម្រោង​របស់​ឯកឧត្ត​ម​ប្រធានាធិបតី​បារាំង ដែល​នឹង​ត្រូវ​ជួប​សន្ទនា​ជាមួយ​សម្ដេច​ផងដែរ​។

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការឯកភាព​ចំពោះកា​រ​លើកឡើង ជាពិសេស​គឺ​ការត្រៀម​លក្ខណៈ​នៅ​ក្នុង​ការជួប​ពិភាក្សារ​វាង​សម្ដេច ជាមួយនឹង​ឯកឧត្តម​ប្រធានាធិបតី​បារាំង​នាពេលខាងមុខ​។ សម្ដេច​ក៏​ត្រៀម​នៅ​ក្នុង​ការជជែក​ទៅលើ​ចំណុច​សំខាន់ៗ​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

​សម្ដេច​តេជោ និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បារាំង ក៏បាន​លើកឡើង​ដោយ​ចង់​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​បារាំង​ទៅលើ​វិស័យ​សុខាភិបាល និង​អាកាសចរ​ស៊ីវិល​បន្ថែមទៀត​។ សម្ដេច​តេ​ជោបាន​ពេញចិ​ត្ត​នៅក្នុង​ការពង្រឹង​នូវ​កិច្ចការ​នេះ​ជាមួយនឹង​បារាំង ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​នៅ​ក្នុង​វិស័យ​សុខាភិបាល​ក្នុងប្រទេស​កម្ពុជា​។​

​ជា​ចុងក្រោយ សម្ដេច ហ៊ុន សែន បាន​ជូនពរ​ឱ្យ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ ជា​បន្តបន្ទាប់​ទៀត​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *