​មេបញ្ជាការរង​កងទ័ព​ជើងគោក​នៃ​សហព័ន្ធរុស្ស៊ី ប្ដេជ្ញា​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​

នា​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ទោ MARKOVCHIN Sergei Grigorievich មេបញ្ជាការរង​កងទ័ព​ជើងគោក​នៃ​សហព័ន្ធរុស្ស៊ី និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម ឧត្តមសេនីយ៍ទោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នាពេលនេះ​។ ឯកឧត្តម​ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ រវាង​ប្រទេស​ទាំង​ពីរ នា​ពេលកន្លងមក​។ ជាមួយគ្នា​នោះ​, ឯកឧត្តម ឧត្តមសេនីយ៍ទោ បាន​សម្តែង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​ប្ដេជ្ញា​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ រីកចម្រើន និង​យូរអង្វែង​បន្តទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​សហព័ន្ធរុស្ស៊ី ដែល​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​មក​ទល់​បច្ចុប្បន្ន​។ សម្ដេច​ធិបតី​គូសបញ្ជាក់​អំពី​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ តាមរយៈ​ការបន្ត​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​រវាង​នាយទាហាន​នៃ​ប្រទេស​ទាំង​ពីរ និង​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ ចំណេះដឹង និង​ជំនាញ ដែល​ជា​ការ​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​សម្រាប់​ជា​ឧត្តម​ប្រយោជន៍ នៃ​ប្រទេស​ទាំង​ពីរ​៕

​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *