អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​ឱ្យ​មាតាបិតា អាណាព្យាបាល នាំ​កូនចៅ​មក​ចុះឈ្មោះ​ចូលរៀន និង​ផ្តល់​ការគាំទ្រ លើកទឹកចិត្ត​ឱ្យ​ខិតខំ​រៀនសូត្រ​

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​មាតាបិតា និង​អាណាព្យាបាល​គ្រប់រូប សូម​នាំ​កូនចៅ​មក​ចុះឈ្មោះ​ចូល​រៀន ព្រមទាំង​ផ្តល់​ការគាំទ្រ លើកទឹកចិត្ត និង​ជួយ​បង្រៀន​បន្ថែម​តាម​គ្រប់​រូបភាព ដោយ​ត្រូវ​យកចិត្តទុកដាក់​ជំរុញ និង​ដាស់តឿន​ឱ្យ​ពួកគាត់​ខិតខំ​រៀនសូត្រ​ជាប្រចាំ​។ ការអំពាវនាវ​នេះ បាន​ធ្វើឡើង​ក្នុង​ពិធី​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០២៦-២០២៧ និង​ទិវា​ដឹងគុណ​គ្រូបង្រៀន ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិទ្យាល័យ​ព្រះសីហនុ ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៦​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ និង​កសាង​ខ្លួន​ឱ្យ​ក្លាយជា «​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ​» ព្រមទាំង​ត្រូវ​ចៀសវាង​ការប្រព្រឹត្ត​អំពើ​មិន​គប្បី​ទាំងឡាយ ដែល​ជា​ក្តីកង្វល់​ក្នុង​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ក្មួយៗ​ត្រូវ​ចង​ចាំ​ថា ខ្លួន​គឺជា​អ្នក​កាន់​កូនសោ​សម្រាប់​បើក​ជោគវាសនា​របស់​ខ្លួន​នាពេល​អនាគត ហើយ​មាន​តែ​ការអប់រំ និង​ចំណេះដឹង​ប៉ុណ្ណោះ ដែល​អាច​បើកផ្លូវ​ឱ្យ​ក្មួយៗ​ទាំងអស់​ទទួលបាន​អនាគត​ដ៏​រុងរឿង​។​
​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​បុគ្គល​នាំមុខ ជា​ឪពុក​ម្តាយ​ទី​២ ជា​មគ្គុទ្ទេសក៍ ជា​អ្នកស្រាវជ្រាវ ជា​ទីប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត​។​

​ទន្ទឹមនឹងនេះ ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ជា​ប្រចាំ ទាំង​ផ្នែក​ចំណេះដឹង វិធីសាស្ត្រ​បង្រៀន ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស​។​

​ជាមួយគ្នានេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏​បាន​ស្នើ​ដល់​មន្ទីរ​អប់រំ និង​គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត ត្រូវខិតខំ​ពង្រីក​សក្តានុពល​របស់​ខ្លួន ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​អ​រូបវន្ត ដើម្បី​ឱ្យ​សាលារៀន​របស់​យើង​ក្លាយជា​សាលា​កុមារ​មេត្រី សាលារៀន​កម្រិត​អភិវឌ្ឍន៍ សាលារៀន​ជំនាន់​ថ្មី និង​សាលារៀន​គំរូ ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​។​
​ជាពិសេស ត្រូវ​បន្ត​លើកកម្ពស់​សុខភាព​សិក្សា និង​សុខុមាលភាព​របស់​លោក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​៕

​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *