សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​»

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ៥ ខ្នង សរុប ៥៥ បន្ទប់​រៀន នៅ​ខេត្ត​កំពង់ធំ ក្រោម​គម្រោង «​ទាំងអស់​គ្នា​ដើម្បី​ការអប់រំ​» របស់​សមាគម​ឧកញ៉ា​កម្ពុជា នា​ព្រឹក​ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ​២០២៦ នៅ​ខេត្ត​កំពង់ធំ ។​

​មានប្រសាសន៍​ក្នុង​ពិធី​នោះ​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ថ្លែងថា រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​ការវិនិយោគ​លើ​វិស័យ​អប់រំ ជា​ការវិនិយោគ​លើ​អនាគត​របស់​ប្រទេសជាតិ​» ដោយសារ​ការអប់រំ ជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​, ជា​ឆ្អឹងខ្នង​នៃ​ផលិតភាព​សេដ្ឋកិច្ចជាតិ និង​ជា​សសរទ្រូង​នៃ​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស ។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល​បាន​កំណត់​យក​ការអភិវឌ្ឍ​វិស័យ​អប់រំ​ជា​អាទិភាព​ចម្បង ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​រយៈពេល​វែង តាមរយៈ​ការពង្រីក​លទ្ធភាព​ទទួល​បាន​ការអប់រំ​, ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​, ការពង្រឹង​សមត្ថភាព​គ្រូបង្រៀន​, ការលើកកម្ពស់​គុណភាព​នៃ​ការបង្រៀន និង ការរៀន និង​ការជំរុញ​ការសិក្សា​ពេញ​មួយជីវិត ។
​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​បន្តថា កន្លងមក​, រាជរដ្ឋាភិបាល​បាន​សិក្សា និង ដាក់ចេញ​គោលនយោបាយ​, យុទ្ធសាស្ត្រ​, កម្មវិធី​ផែនការ​សកម្មភាព​, វិធានការ​ចាំបាច់​នានា និង ក្រប​ខណ្ឌ​គណនេយ្យភាព​សមិទ្ធកម្ម ដើម្បី​ពង្រឹង​គុណភាព និង ប្រសិទ្ធភាព នៃ​ការអប់រំ​នៅ​តាម​សាលារៀន​រដ្ឋ​, ចាប់ពី​ថ្នាក់​មត្តេយ្យ រហូត​ដល់​មធ្យមសិក្សា តាមរយៈ ការពង្រឹង​អភិបាលកិច្ច​សាលារៀន​, កែលម្អ​កម្មវិធីសិក្សា និង វិធីសាស្ត្រ​បង្រៀន​, រៀបចំ​កម្មវិធីសិក្សា និង សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​, ការលើកកម្ពស់​សុខភាព​សិស្សានុសិស្ស តាមរយៈ ការផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ និង ការត្រួតពិនិត្យ​គុណភាព​ចំណីអាហារ នៅ​តាម​សាលារៀន​, ការជំរុញ​ការចូលរួម​របស់​មាតា​បិតា​, អាណាព្យាបាល និង សហគមន៍ ក្នុង​សកម្មភាព​អប់រំ ស្រប​តាម​ពាក្យស្លោក «​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង សហគមន៍ ដើម្បី​ការអប់រំ​» ។​

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​ធិបតី បាន​មានប្រសាសន៍ថា ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី ៧ នៃ​រដ្ឋសភា គឺ​ការកសាង​សាលារៀន ឱ្យ​ក្លាយ​ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ នៅ​ជិត​ប្រជាពលរដ្ឋ និង បំពេញ​ភារកិច្ច​ផ្តល់​វិជ្ជា​សម្បទា បំណិន​សម្បទា និង ចរិយា​សម្បទា ដល់​កូន​ខ្មែរ​គ្រប់រូប ប្រកបដោយ តម្លាភាព​, គណនេយ្យភាព និង ការទទួលខុសត្រូវ​ខ្ពស់ ។ ការណ៍​នេះ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​, ជាពិសេស ការចូលរួម​របស់​វិស័យ​ឯកជន និង សប្បុរសជន ដែល​ជា​កម្លាំង​គាំទ្រ​បន្ថែម​ដ៏​សំខាន់ ចំពោះ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ស្រប​តាម​ទិស​ស្លោក «​ទាំងអស់​គ្នា​ដើម្បី​ការអប់រំ​» ដែល​មានន័យថា ការអប់រំ​ដែល​មាន​គុណភាព និង ប្រសិទ្ធភាព ត្រូវតែ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ គឺ សិស្ស​, គ្រូបង្រៀន​, សាលារៀន​, មាតាបិតា​, អាណាព្យាបាល​, អាជ្ញាធរ​មូលដ្ឋាន​, សហគមន៍​, ដៃគូ​អភិវឌ្ឍ​, សមាគម​, វិស័យ​ឯកជន និង សប្បុរសជន ។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាន​អនុវត្ត​កម្មវិធី​ផ្ដល់​អាហារូបត្ថម្ភ​សម្រាប់​សិស្ស​ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដោយ​មាន​ការជួយ​គាំទ្រ​ពី​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (World Food Program) របស់​អង្គការសហប្រជាជាតិ ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​មួយផ្នែក ។ បច្ចុប្បន្ន​, រាជរដ្ឋាភិបាល បាន​ម្ចាស់ការ​ស្ទើរតែ​ទាំងស្រុង​លើ​កម្មវិធី និង​ឈាន​ទៅ​ម្ចាស់ការ​ទាំងស្រុង​នាពេល​អនាគត ។ កម្មវិធី​នេះ បាន​ជួយ​លើកកម្ពស់​សុខភាព​, សុខុមាលភាព​សិស្ស និង បាន​ជួយ​សម្រាល​ជីវភាព​សិស្ស ជាពិសេស​សិស្ស​ក្រីក្រ ព្រមទាំង​បាន​ជួយ​លើកកម្ពស់​ដល់​ជីវភាព​របស់​សហគម​ន៍​មូលដ្ឋាន ព្រោះថា ស្បៀងអាហារ​ទាំងនោះ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​សហគមន៍​មូលដ្ឋាន ដោយផ្ទាល់​។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​ការពង្រឹង​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយ​ក្នុង​នោះ រាជរដ្ឋាភិបាល​នៅតែ​ផ្ដោត​អាទិភាព​លើ​ការពង្រីក និង​ពង្រឹង​សាលារៀន​ជា​បន្ត​ទៀត ជាពិសេស​សាលារៀន​នៅ​កម្រិត​មូលដ្ឋាន មាន​ទាំង​បឋមសិក្សា​, អនុវិទ្យាល័យ និង​វិទ្យាល័យ ដោយ​រាជរដ្ឋាភិបាល នឹង​ពង្រីក​ចំនួន​សាលារៀន និង​ថ្នាក់រៀន​, ជ្រើសរើស​បំពេញ​គ្រូ​បន្ថែម​, បន្ថែម​ម៉ោង​សិក្សា​, ពង្រឹង​វិន័យ និង​បង្កើត​ទំលាប់​ក្នុង​ការសិក្សា និង​ជំរុញ​ការអាន​សៀវភៅ ជាដើម ។ ពាក់ព័ន្ធ​នឹង​ការ​បន្ថែ​ម៉ោង​សិក្សា​, សម្ដេច​ធិបតី​បាន​បញ្ជាកបន្ថែម ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​បន្ថែម​ម៉ោង​សិក្សា​៦​ម៉ោង ក្នុង​មួយ​ថ្ងៃ នៅក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​អនាគត​។ បន្ថែម​ពី​នេះ​, សម្ដេច​ធិបតី​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល ដោយ​ត្រូវ​ប្រើប្រាស់​ឱ្យ​ចំ​ទិសដៅ និង​កម្រិត​សមស្រប​, មិន​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​ឧបករណ៍​ជំនួស​ឱ្យ​តួនាទី​គ្រូបង្រៀន និង​ត្រូវ​ចាត់ទុក​បច្ចេកវិទ្យា​ជា​ឧបករណ៍​ជំនួយ​, ជាពិសេស​ការហាមឃាត់​សិស្សានុសិស្ស​មិន​ឱ្យ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ឬ ឧបករណ៍​អេឡិចត្រូនិក ក្នុង​ថ្នាក់រៀន​, បង្កើន​ការផ្ដោត​អារម្មណ៍​របស់​សិស្ស​នៅ​ក្នុង​ថ្នាក់រៀន​៕

​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *