សម្ដេច​ធិបតី​៖ កីឡាករ កីឡាការិនី​មាន​ពិការភាព គឺជា​និម្មិត​រូប​នៃ​ភាព​អត់ធ្មត់ ឆន្ទៈ​មោះមុត និង ការតស៊ូ​ឆ្ពោះទៅ​រក​គោលដៅ​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ លើក​ទី ៥ និង កីឡា​ជាតិ​ជនពិការ លើក​ទី ៣ នា​ល្ងាច​ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​ថ្លែងថា ការរៀបចំ​ឱ្យ​មាន​ការប្រកួត​កីឡា​ជាតិ និង កីឡា​ជាតិ​ជនពិការ ជាប្រចាំ គឺជា​គំនិត​ផ្តួចផ្តើម ប្រកប​ដោយ​ឆន្ទៈ​មោះមុត និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ដល់​កីឡាករ កីឡាការិនី​មកពី​រាជធានី ខេត្ត​ទាំង​២៥ បញ្ចេញ​សមត្ថភាព ទេពកោសល្យ ព្រមទាំង ដុសខាត់​ស្មារតី​, ឆន្ទៈ និង សាមគ្គីភាព​, ម្យ៉ាង និង​ម្យ៉ាងទៀត​, ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ចំពោះ​តម្លៃ​ដ៏​វិសេស​របស់​កីឡាករ កីឡា​ការិនី​, ជាពិសេស ជំរុញ​ការផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​ចំពោះ​ជន​មាន​ពិការភាព សំដៅ​បង្កើត​បរិយាកាស​សង្គម​កម្ពុជា ប្រកបដោយ បរិយាប័​ន្ន​, សុខ​ដុម ដោយ​មិន​ទុក​ពលរដ្ឋ​ណា​ម្នាក់​ចោល ។​

​សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​បន្តថា កីឡា​មិនមែន​គ្រាន់តែ​ជា​សកម្មភាព​ប្រកួតប្រជែង ដើម្បី​ដណ្តើម​មេដាយ ឬ បំបែក​កំណត់ត្រា​នោះទេ ។ កីឡា គឺជា​មធ្យោបាយ​ដ៏​សំខាន់​ក្នុង​ការកសាង​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​, កាយសម្បទា​រឹងមាំ​, វិន័យ​, ការទទួលខុសត្រូវ និង ស្មារតី​សហការ​ជា​ក្រុម ។ កីឡា ក៏​ជា​សាលារៀន​សម្រាប់​អប់រំ​មនុស្ស​ឱ្យ​ចេះ​គោរព​ច្បាប់​, គោរព​គូប្រកួត​, ទទួលស្គាល់​លទ្ធផល និង ក្រោកឈរ​ឡើង​វិញ​នៅ​ពេល​បរាជ័យ ។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការរៀបចំ​ការប្រកួត​កីឡា​ជាតិ​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង គឺជា​យុទ្ធសាស្ត្រ​លើកកម្ពស់​សកម្មភាព​អប់រំ​កាយ និង កីឡា ក្នុង​សង្គម​កម្ពុជា​, គឺជា​ឧបករណ៍​សម្រាប់​វាស់​ស្ទង់​សមត្ថភាព​អត្ត​ព​លិក និង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការប្រកួត និង រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់​តំបន់ និង អន្តរជាតិ នាពេល​អនាគត​; ព្រមទាំង​ជា​យន្តការ​ត្រួតពិនិត្យ​វឌ្ឍនភាព និង វាយតម្លៃ​ចំណុចខ្លាំង ចំណុច​ខ្វះខាត ដើម្បី​ដាក់ចេញ​ទិសដៅ​អភិវឌ្ឍ​បន្ត ។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការរៀបចំ​កីឡា​ជាតិ​ជនពិការ រួម​ជាមួយ​ការប្រកួត​កីឡា​ជាតិ គឺ​ដើម្បី​បង្ហាញថា សមត្ថភាព​របស់​មនុស្ស មិនមែន​វាស់វែង​ដោយ​ផ្អែក​ទាំងស្រុង​លើ​កាយសម្បទា​នោះទេ​, ពោល​គឺ​ត្រូវ​កំណត់​ដោយ​ផ្អែក​លើ​ទេពកោសល្យ​, ការខិតខំ​ព្យាយាម និង សមិទ្ធផល​ដែល​ពួក​គេ​សម្រេច​បាន ។ ម្យ៉ាងទៀត​, កីឡាករ កីឡាការិនី​មាន​ពិការភាព គឺជា​និម្មិត​រូប​នៃ​ភាព​អត់ធ្មត់​, ឆន្ទៈ​មោះមុត និង ការតស៊ូ​ឆ្ពោះទៅ​រក​គោលដៅ​, ខណៈ​ដែល​ការចូលរួម​របស់​ពួកគេ រំឭក​យើង​ថា ឧបសគ្គ​មិនមែន​ជា​ហេតុផល​ត្រឹមត្រូវ​នៃ​ការ​បោះបង់​ឱកាស​នោះទេ ។ ក្នុងន័យនេះ​, ប្រជាពលរដ្ឋ និង សហគមន៍ ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកសាង​សង្គម​កម្ពុជា​មួយ ដែល​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​គ្រប់រូប អាច​អភិវឌ្ឍ​សមត្ថភាព​, បញ្ចេញ​ទេពកោសល្យ​, និង ចូលរួម​ក្នុង​សកម្មភាព​សង្គម សេដ្ឋកិច្ច បាន​ពេញលេញ និង ដោយ​ស្មើភាព ៕

​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *