អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​កងកម្លាំង និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ឱ្យ​ដូច​ភ្លៀងរលឹម

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ស្នើ​ឱ្យ​កងកម្លាំង និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ឱ្យ​ដូច​ភ្លៀងរលឹម ដើម្បី​រក្សាបាន​នូវ​ស្ថេរភាព សុខ​សុវត្ថិភាព និង​ភាពសុខសាន្ត​ជូន​ប្រជាជន​។ ការ​ថ្លែង​បែបនេះ នា​ឱកាស​ឯកឧត្តម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កំពង់ចាម ប្រចាំ​ខែ​សីហា ដោយ​មាន​ការចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​សាលប្រជុំ​សាលាខេត្ត​។​

​ក្នុងឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា ក៏​បាន​ដាក់ចេញ​វិធានការឲ្យ​ក្រុមការងារ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ គ្រប់គ្រង​ឲ្យបាន​ល្អ នូវ​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់ ការលក់ដូរ​របស់​អា​ជី​វករ និង​សេវា​ស្នាក់នៅ​ជាដើម ដោយ​មិន​ឲ្យ​ការ​តម្លើងថ្លៃ ក្នុង​ឱកាស​ពិធី​បុណ្យ​ធំៗ​នោះឡើយ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​បន្ថែមថា គ្រប់​ពិធីបុណ្យ​ធំៗ​របស់​ជាតិ ក្រុមការងារ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត ត្រូវ​ចុះ​អនុវត្ត​ការងារ ៣​ដំណាក់កាល ដោយ​ក្នុង​នោះ មាន ៖

​ទី​១ ៖ មុន​ពេល​ពិធីបុណ្យ ក្រុមការងារ​ត្រូវ​ចុះ​រៀបចំ​ពិនិត្យមើល ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការតុបតែង​លម្អ និង​ចុះ​ធ្វើការ​អប់រំ​ណែនាំ​អាជីវករ ផ្នែក​សេវាកម្ម អនាម័យ និង​រក្សា​តម្លៃ មិនឱ្យ​មាន​ការ​ឡើងថ្លៃ​ទេ រួម​និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ពិសេស​គឺ​កន្លែង​លេង​ទឹក​ជាដើម ។​

​ទី​២ ៖ ក្នុងពេល​ពិធីបុណ្យ ត្រូវ​មាន​មន្ត្រី​នៅ​ប្រចាំការ​ទទួលភ្ញៀវ និង​សង្កេតការណ៍​រាល់​ការលក់ដូរ​របស់​អាជីវ​ក​រ តាម​រមណីយដ្ឋាន​នីមួយៗ ។​

​ទី​៣ ៖ គឺ​ក្រោយពេល​បុណ្យ គឺ​ក្រុមការងារ​ត្រូវ​ពិនិត្យមើល លើ​ការសំអាត អនាម័យ​បរិស្ថាន ធ្វើយ៉ាងណា​ឱ្យ​ទីកន្លែង​នីមួយៗ​មាន​ភាព​ស្អាត​ដូចដើម​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​លើកឡើង​ផង​ដែរ​ថា ក្នុង​ឱកាស​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ ឆ្នាំនេះ ឃើញថា​មាន​ប្រជាពលរដ្ឋ​មក​កំសាន្ត​ក្នុង​ខេត្ត​កំពង់ចាម​ប្រមាណ​ជាជាង ១១ ម៉ឺន​នាក់​ផងដែរ ។ ជាមួយគ្នា​នោះ​សមត្ថកិច្ច​បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​បានល្អ និង​បញ្ហា​ចរាចរ​កកស្ទះ ត្រូវបាន​សមត្ថកិច្ច​យើង​ធ្វើការ​ដោះស្រាយ​ភ្លាមៗ​ផងដែរ​៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *