អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​ដល់​មន្ត្រីរាជកា​រ និង​មន្ត្រី​ជាប់​កិច្ចសន្យា អញ្ជើញ​មក​ធ្វើ​បច្ចុប្បន្នភាព​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ឲ្យបាន​គ្រប់​គ្នា​

(​កំពង់ចាម​)÷ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ និង​មន្ត្រី​ជាប់​កិច្ចសន្យា សូម​អញ្ជើញ​មក​ធ្វើ​បច្ចុប្បន្នភាព​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ឲ្យបាន​គ្រប់​គ្នា ដើម្បី​ទុក​ប្រើប្រាស់ សម្រាប់​ពិនិត្យ​សុខភាព និង​ព្យាបាល​ជម្ងឺ​។ ការអំពាវនាវ​នេះ ខណៈ​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ធ្វើ​បច្ចុប្បន្នភាព ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស ស្ថិតនៅ​សាលា​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឋិការ ឆ្នាំ​២០២៥​។

​ឯកឧត្តម អភិបាលខេត្ត ក៏​ស្នើ​ដល់​ក្រុមការងារ ប​.​ស​.​ស ធ្វើ​ប័ណ្ណ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ នាយក​សាលា និង​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលា​អប់រំ​ពិសេស​ខេត្ត និង​មណ្ឌល​កុមារកំព្រា​ខេត្ត ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​សាលា និង​កាត់ បន្ថយ​ការចំណាយ​របស់​សាលា និង​មជ្ឈមណ្ឌល​ផងដែរ​។​

​ឯកឧត្តម អភិបាល​ក៏បាន​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ទាំង​វិស័យ​រដ្ឋ ឯកជន សូម​អញ្ជើញ​មក​ធ្វើ ប័ណ្ណ ប​.​ស​.​ស ទាំងអស់គ្នា ព្រោះតែ ការធ្វើ​ប័ណ្ណ ប​.​ស​.​ស ជា​រឿង​ល្អ​បំផុត ដោយសារ រាជរដ្ឋាភិបាល​បង្កើត​ឡើង​ដើម្បី​ការពារ ចំពោះ ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​មិន​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល ឬ​ដែល​កំពុង​ប្រឈម​នឹង​ការទទួលខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ ហានិភ័យ​សង្គម​តាមរយៈ​ការផ្ដល់​នូវ​ធនធាន​ខា​ង​ហរិញ្ញវត្ថុ ឬ​វត្ថុ​ប្រើប្រាស់​ចាំបាច់ ឬក៏​ការផ្ដល់​សេវាកម្ម​ផ្សេងៗ ម្យ៉ាងវិញទៀត​ការបង្កើត​របប​សន្ដិសុខ​សង្គម បាន​ធានា​ដល់​បុគ្គល​ដែល​ត្រូវ​គាំពារ​មិន​ឲ្យ​ធ្លាក់​ទៅក្នុង​ហានិភ័យ នៃ​ការបាត់បង់​ប្រាក់ចំណូល និង​ធ្លាក់​ទៅ​ក្នុង​ភាពក្រីក្រ​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ក៏​បាន​បន្តថា នៅពេល​បងប្អូន​ប្រជាពលរដ្ឋ​មាន​ហានិភ័យ​សង្គម​នានា​កើតឡើង សម្រាប់​អ្នក​ប្រើ​ប័ណ្ណ​ប​.​ស​.​ស នៅតែ​មាន​ប្រាក់​ចំណូល ស្រប​ទៅតាម​ច្បាប់​បានកំណត់ ដែល​បងប្អូន​យើង​អាច​ជៀសផុត​ពី​ភាពក្រីក្រ និង​ជួយ​ដល់​ក្រុមគ្រួសារ​យើង​។ កត្តា​នេះ ធ្វើឲ្យ​ប្រទេស​អភិវឌ្ឍបាន​ជឿនលឿន ដោយសារ មាន​ទំនុកចិត្ត និង​កំណើន​សេដ្ឋកិច្ច តាមរយៈ​ការរីកចម្រើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *