រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!

​នា​រសៀល ថ្ងៃអាទិត្យ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​ប្រារព្ធ​ពិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​វិទ្យាល័យ សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បាន​ប្រលង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៥ ជាប់​និទ្ទេស​A ចំនួន​០១​នាក់ និង​និទ្ទេស​B ចំនួន​១០​នាក់ នៅ​ទីបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក លោកស្រី អនុប្រធាន​ក្រុមការងារ គណៈប្រតិភូ​អមដំណើរ ក្រុមការងារ​ភូមិ​-​សង្កាត់​ព្រែក​កំពឹស យុវជន​សង្កាត់ លោកនាយក​-​នាយករង​វិទ្យាល័យ និង​មាតា បិតា អាណាព្យាបាល​សិស្ស​ជាច្រើន​នាក់​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​សម្តែង​ការអបអរសាទរ​ចំពោះ​លទ្ធផល​សិក្សា របស់​ក្មួយៗ ដែល​បាន​សម្រេច​ជោគជ័យ​នា​ពេល​នេះ ក៏ដូចជា​សម្តែង​ការអបអរសាទរ​ចំពោះ​លោក​នាយក លោកគ្រូ​អ្នកគ្រូ អាណាព្យាបាល​សិស្ស ដែល​បាន​ចូលរួម​សហការ​គ្នា​យ៉ាង​ល្អ ក្នុង​ការគ្រប់គ្រង អប់រំ បណ្តុះបណ្តាល​កូនក្មួយ​សិស្សានុសិស្ស ឲ្យក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ដែល​ជា​ធនធាន​ដ៏​មានតម្លៃ មាន​គុណភាព មាន​ប្រសិទ្ធិភាព ក្នុង​ការចូលរួម​ជួយ​ជ្រោមជ្រែង​គ្រួសារ បម្រើ​សង្គម និង​អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​ដូច្នេះ​ដើម្បី​ចូលរួម​លើក​ទឹកចិត្ត ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ធ្វើ​ការផ្តល់ជូន​នូវ​រង្វាន់​ដូច​រាល់​ឆ្នាំ​តាម​ការសន្យា ដោយ​សិស្ស​និទ្ទេស​A ឆ្នាំនេះ មានឈ្មោះ ជឿន សំណាង ភេទ​ប្រុស ទទួល​បាន​ម៉ូតូ​ហុងដា វ៉េវ​១១០ ស៊ែ​រី​ឆ្នាំ​២០២៥ ចំនួន​០១​គ្រឿង ថវិកា​២០​ម៉ឺន​រៀល និង​និទ្ទេស​B ចំនួន​១០​នាក់ ម្នាក់ៗ​ទទួលបាន​កុំព្យូទ័រ​យួរ​ដៃ​០១​គ្រឿង ថវិកា​២០​ម៉ឺន​រៀល​។​

​ឯកឧត្តម រ័ត្ន ស្រ៊ាង មានប្រសាសន៍​បន្ថែម​ថា ចាប់តាំងពី​ឯកឧត្តម បាន​ផ្លាស់​ពី​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មក​កាន់​តំណែង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៣ និង​បាន​ចុះ​ជួយ​ការងារ​មូលដ្ឋាន​ក្នុង​សង្កាត់​ព្រែកកំពឹស​រហូតមក ឯកឧត្តម ពិតជា​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ជា​មួយ​គ្រួសារ​អ្នក​ព្រែកកំពឹស​ស្ទើរ​ដូច​សាច់ញាតិ​ទៅហើយ ដោយ​កន្លងមក ឯកឧត្តម ក៏​បាន​ទទួល​ផ្តល់​អំណោយ​ជា​ប្រចាំ​រាល់​ខែ មាន អង្ករ ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ ដល់​ចាស់ជរា​គ្មាន​ទីពឹង​ក៏ដូចជា​ទុរគត់ជន ប្រមាណ​ជាង​២០​គ្រួសារ​មក​ដល់​ឥឡូវ រហូត​ពួកគាត់​ខ្លះ​ក៏​លែង​នៅ រី​ឯ​ចំពោះ​បងប្អូន​ដែល​ខ្វះ​លទ្ធភាព​ហើយ​ឈឺ​ស្កាត់ ឯកឧត្តម តែង​បញ្ជូន​គ្រូពេទ្យ​អង្គភាព​ឲ្យទៅជួយ​ពិនិត្យ​ព្យាបាល ជូន​ទៅ​មន្ទីរពេទ្យ និង​ជួយ​សម្រួល​ចេញថ្លៃ​ព្យាបាល​ឲ្យ​ពួកគាត់ ដោយឡែក​គ្រប់​គ្រួសារ​ដែល​មាន​ពិធី​បុណ្យសព ឯកឧត្តម តែង​ចាត់​ក្រុមការងារ​ឲ្យទៅ​ចូលរួម​រំលែកទុក្ខ​និងចូលរួម​ថវិកា អង្ករ និង​គ្រឿងឧបភោគ​បរិភោគ​ក្នុង​កម្មវិធី​បុណ្យ​ផងដែរ ក្រៅពី​នេះ​ឯកឧត្តម​ក៏​ធ្លាប់​បង្កើត​បរិយាកាស​ជួបជុំ​បរិភោគ​អាហារ​រួមគ្នា​ជាមួយ​អ្នកភូមិ​និង​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ជាមួយ​ពួក​គាត់​ជា​ញឹកញាប់ ទាំងនេះហើយ​ដែល​ឯកឧត្តម​លើកឡើងថា ពិតជា​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ជា​មួយ​អ្នក​ភូមិ​ក្នុង​សង្កាត់​ព្រែក​កំពឹស​ស្ទើរ​ដូច​សាច់ញាតិ​អញ្ចឹង​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *