​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​!

​នា​ព្រឹក ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក​អនុសេនីយ៍ទោ ឈិត អ៊ុយ​ចំរើន នាយរង​ការិយាល័យ​គីមី​សាស្ត្រ មន្ទីរ​សម្ភារ​:​បច្ចេកទេស នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ទទួល​មរណ​:​ភាព នៅវេលា​ម៉ោង ២៣:៣២​នាទី​យប់ ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៥ ក្នុង​ជន្មាយុ ៣៥​ឆ្នាំ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងពេល​បំពេញ​ភារកិច្ច​លើ​កំណាត់​ផ្លូវ​អាកាសយានដ្ឋាន​អន្តរជាតិ សៀមរាប​-​អង្គរ សព​តំកល់​ធ្វេី​បុណ្យតាម​ប្រពៃណី​សាសនា នៅ​គេហដ្ឋាន​នៃ​សព ស្ថិតនៅក្នុង​ភូមិ​កំពង់​ថ្កូវ​១ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ក្នុងឱកាស​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ​ក្រុមគ្រួសារ​សព និង​បាន​នាំយក​នូវ​បច្ច័យ​របស់ លោកនាយ​ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​និង​ថវិកា​ដែល​បានមក​ពី​ការចូលរួម​របស់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ទាំងអស់​ចំនួន ១២,៥៧០,០០០​រៀល (​ដប​ពីរលាន​ហាសិប​ប្រាំពីរ​មុឺន​រៀល​) និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ទាំងអស់​នៃ​សព និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក​អនុសេនីយ៍ទោ ឈិត អ៊ុយ​ចំរើន បាន​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លៀត​ឡើយ​។ តំណាង​គ្រួសារ​សព ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត និង​ការលះបង់​របស់ លោកនាយ​ឧត្តមសេនីយ៍ ព្រមទាំង​ក្រុម​ការងារ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប និង​បាន​ជូនពរ​ឱ្យ​ជួប​តែ​សុខភាព​ល្អ​បរិបូណ៍ ជោគជ័យ​គ្រប់​ភារកិច្ច និង​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​៥​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *