​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ផ្ទាល់​ពី​វឌ្ឍនភាព​ការងារ​ដោះស្រាយ​ផលប៉ះពាល់ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧២ ក្នុង​ស្រុក​ពញាក្រែក​

(​ខេត្ត​ត្បូងឃ្មុំ​)៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦ ឯកឧត្តម ប៉េង សម្បត្តិ និង ឯកឧត្តម គន់ រ័ត្ន​មុនី អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​លើ​ការអនុវត្ត​ការងារ​របស់​គណៈកម្មកា​រ​ដោះស្រាយ​ផលប៉ះពាល់ ដោយសារ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧២ នៅ​សាលប្រជុំ​សាលា​ស្រុក​ពញាក្រែក​។​
​បន្ទាប់ពី​កិច្ចប្រជុំ​ពិភាក្សា ថ្នាក់ដឹកនាំ​ទាំង​ពីរ ក៏​បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ភូមិសាស្ត្រ​ដែល​រង​ផលប៉ះពាល់ ស្ថិតនៅក្នុង​ឃុំ​ក្រែក និង​ឃុំ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ឱ្យបាន​ទាន់​ពេលវេលា​។​

​ក្នុង​សកម្មភាព​ត្រួតពិនិត្យ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក បួន សេង​សុវិទ្យា នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​ពញាក្រែក មន្ត្រី​ភូមិបាល​ស្រុក អាជ្ញាធរ​ឃុំ​ទាំងពីរ (​ឃុំ​ក្រែក និង​ឃុំ​ត្រពាំង​ផ្លុង​) កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​គោលបំណង​នៃ​កិច្ចប្រជុំ និង​ការចុះពិនិត្យ​ទីតាំង​ផ្ទាល់​នាពេលនេះ គឺ​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ​របស់​គណៈកម្មកា​រ​ដោះស្រាយ​ផលប៉ះពាល់ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព សំដៅ​ធានា​ឱ្យ​ដំណើរការ​សាងសង់​ផ្លូវជាតិ​លេខ​៧២ ប្រព្រឹត្តទៅ​បាន​លឿន​តាម​ផែនការ​ដែល​បានកំណត់​។ ផ្លូវជាតិ​លេខ​៧២ គឺជា​ខ្សែ​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់ ដែល​ជាប់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង កម្ពុជា​-​វៀតណាម ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​ចេញ​ចូល របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ពិសេស​កសិផល ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលរង​ខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​សហការ​គ្នា​ឱ្យបាន​ជិតស្និទ្ធ​ក្នុង​ការសម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ការយោគយល់​គ្នា​ខ្ពស់ ដើម្បី​ឱ្យ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​មាន​សារៈសំខាន់​នេះ សម្រេចបាន​ជោគជ័យ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *