(ខេត្តត្បូងឃ្មុំ-ព្រះវិហារ)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូខេត្ត និងប្រតិភូស្រុកអូររាំងឪ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ម៉ូតូ ព្រមទាំងថវិកា ជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ចំនួន ១២អង្គភាព ចំណុះកងពលលេខ៨ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសប្រាសាទព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនោះ ឯកឧត្តម ម៉ៅ ឌុង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ជូនដល់បងប្អូនកងកម្លាំងទាំងអស់។
ជាពិសេស ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងនូវការអរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ តាមបណ្តាស្ថាប័ន មន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស ព្រមទាំងសប្បុរសជននានា ដែលបានបង្ហាញនូវទឹកចិត្តសទ្ធាជ្រះថ្លា បរិច្ចាគនូវធនធាន និងថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តនាំយកមកឧបត្ថម្ភជូនដល់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ការរួមចំណែកនេះ គឺជាសក្ខីភាពនៃសាមគ្គីភាពដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងថា បងប្អូននៅជួរមុខមិនដែលនៅម្នាក់ឯងនោះឡើយ។
ឯកឧត្តម ម៉ៅ ឌុង បានមានប្រសាសន៍សង្កត់ធ្ងន់ថា «ក្នុងនាមខ្មែរតែមួយ យើងត្រូវតែជាធ្លុងតែមួយ ខ្មែរជួយខ្មែរក្នុងគ្រាលំបាក។ នេះគឺជាស្មារតីនៃសមរភូមិក្រោយ ដែលតែងតែនៅក្បែរ និងគាំទ្រជានិច្ចដល់សមរភូមិមុខ ដើម្បីការពារសុខសន្តិភាព និងទឹកដីមាតុភូមិឱ្យបានគង់វង្ស»។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ខ្ពង់ខ្ពស់ សាច់ស្រស់ ឈាមស្រស់ ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតី របស់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពុះពារគ្រប់ឧបសគ្គនៅតាមបន្ទាត់ព្រំដែន ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សូមបញ្ជាក់ថា៖ អំណោយដែលបាននាំយកទៅឧបត្ថម្ភដល់អង្គភាពទាំង ១២ នាពេលនេះ រួមមាន៖ ម៉ូតូ សាច់គោចំនួន ១ក្បាល គ្រឿងឧបភោគបរិភោគ សម្ភារៈចាំបាច់ប្រចាំថ្ងៃ និងថវិកាក្នុងម្នាក់៤ម៉ឺនរៀល សរុបចំនួន ៤០០នាក់នៃ ១២អង្គភាព ដែលនេះជាការរួមចំណែកដ៏មានតម្លៃពីគ្រប់មជ្ឈដ្ឋានក្នុងខេត្តត្បូងឃ្មុំ ក្នុងការលើកកម្ពស់ជីវភាព និងផ្ដល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ឱ្យកាន់តែរឹងមាំក្នុងការបំពេញភារកិច្ចការពារជាតិ៕

