ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានអំពាវនាវដល់បងប្អូនស្ត្រី ជាមាតា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ថែទាំសុខភាពរាងកាយ និងផ្លូវចិត្តឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងហាត់ប្រាណទៀងទាត់។ សូមពិនិត្យសុខភាពជាប្រចាំ សម្រាកឱ្យបានគ្រប់គ្រាន់ និងចៀសវាងភាពតានតឹង ដើម្បីសុខុមាលភាពរឹងមាំសម្រាប់ខ្លួនឯង និងគ្រួសារ។ ទន្ទឹមនេះ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពផ្ទៃពោះឱ្យបានទៀងទាត់ តាមការកំណត់របស់គ្រូពេទ្យ ដើម្បីសុខភាពមាតា និងទារក និងត្រូវបរិភោគអាហាររូបត្ថម្ភគ្រប់គ្រាន់ និងកាត់បន្ថយការងារធ្ងន់ធ្ងរ។
ឯកឧត្តម ប៉ែន កុសល្យ ក៏បានសំណូមពរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព សុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនស្ត្រី ជាពិសេត្រូវជួយសហការរៀបចំ ស្វែងរកជំនួយ ជួយដល់ស្ត្រី ដែលត្រូវទៅសម្រាល និងជួយដោះស្រាយមធ្យោបាយធ្វើដំណើរ ឬរថយន្តគិលានសង្គ្រោះ ដើម្បីបញ្ជូនស្ត្រីទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ក្នុងពេលស្ត្រីជួបបញ្ហា ឬមានសញ្ញាគ្រោះថ្នាក់ណាមួយ។
នាឱកាស ទិវាជាតិសុខភាពមាតា ទារក និងកុមារ ជាការលើកទឹកចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បាននាំយកអំណោយចែកជូនដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ដែលមកចូលរួមក្នុងកម្មវិធីផ្ទាល់ ជិត១០០នាក់ នៅមណ្ឌលសុខភាពជប់ និងតាមខ្នងផ្នងផ្ទះ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង កន្សែង សម្លៀកបំពាក់ទារក សម្ភារៈអនាម័យកុមារ និងថវិកាមួយចំនួនផងដែរ៕

