លោក​ឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា និង​ពាំនាំ​ប្រសាសន៍​សួរ​សុខទុក្ខ​របស់​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជូន​ដល់​យោធិន​នារី​ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​)៖ ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០២៦ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១១៥ ទិវា​អន្តរជាតិ​នារី ៨​មីនា ក្រោម​ប្រធានបទ «​សន្តិភាព និង​សន្តិសុខ​សម្រាប់​ស្ត្រី និង​គ្រួសារ​»​។ ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​លោកជំទាវ ដោយ​មាន​ការចូលរួម​ពី​នាយ​អាវុធហត្ថ នាយរង​អាវុធហត្ថ និង​យោធិន​នារី​យ៉ាងច្រើន​កុះករ​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ លោក​ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បាន​ពាំនាំ​នូវ​បណ្ដាំ​សួរសុខទុក្ខ និង​ការ​នឹករលឹក​ប្រកបដោយ​មោទនភាព​បំផុត​ពី​សំណាក់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជូន​ចំពោះ​បងប្អូន​កងកម្លាំង​ទាំងអស់​។​

​លោក​មេបញ្ជាការ បាន​គូសបញ្ជាក់ថា លោកនាយ​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែងតែ​យកចិត្តទុកដាក់ និង​ផ្ដល់​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​តួនាទី​របស់​ស្ត្រី​ក្នុង​ជួរ​កងរាជអាវុធហត្ថ​។ យោធិន​នារី​គ្រប់រូប គឺជា​កម្លាំងចលក​រយ៉ា​ង​សំខាន់​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុង​ការបម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។​

​ទន្ទឹមនឹងនេះ លោក​ឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏​បាន​ថ្លែង​នូវ​ពាក្យពេចន៍​ជូនពរ​យ៉ាង​សិ្នទ្ធស្នាល និង​ពោរពេញ​ដោយ​មនោសញ្ចេតនា ជូន​ចំពោះ​យោធិន​នារី ដែលជា «​មាតា​នៃ​ពិភពលោក​» សូមឱ្យ​មាន​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​មាំមួន និង​បញ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​សម្រេចបាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​អង្គភាព និង​រាជរដ្ឋាភិបាល​ប្រគល់ជូន ព្រមទាំង​ជួបតែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជា​កិច្ច​លើកទឹកចិត្ត លោក​មេបញ្ជាការ​បាន​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ជា​បាច់​ផ្កា និង​ថវិកា​ជូន​ដល់​យោធិន​នារី គ្រួសារ​យោធិន និង​ក្រុមការងារ​រៀបចំ​អាហារ សរុប​ចំនួន ៤,៩០០,០០០ រៀល​។​

​ក្រៅ​ពី​ពិធី​សំណេះសំណាល​ក្នុង​អង្គភាព លោក​មេបញ្ជាការ​ក៏បាន​ចាត់តាំង​លោក​មេបញ្ជាការរង​ចំនួន ០២​រូប នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ចុះ​សួរសុខទុក្ខ​ដល់​លំនៅឋាន​យោធិន​ចូលនិវត្តន៍ និង​យោធិន​ពិការ​ដែល​មាន​ជំងឺ​ចំនួន ០៧​គ្រួសារ​។ ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ ថវិកា ៤០​ម៉ឺន​រៀល រួម​ជាមួយ​អង្ករ មី ទឹក​សុទ្ធ ភេសជ្ជៈ និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ទៀត​។​

​សកម្មភាព​មនុស្សធម៌ និង​ការលើកទឹកចិត្ត​ក្នុង​ឱកាស​នេះ សរុប​ជា​ថវិកា​មាន​ចំនួន ១០,១៧១,០០០ រៀល ដែល​នេះ​ស្ដែង​ឱ្យឃើញ​ពី​សាមគ្គីភាព ភាពកក់ក្ដៅ និង​ការយកចិត្តទុកដាក់​ខ្ពស់ «​មិន​បោះបង់​គ្នា​» ក្នុង​គ្រួសារ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *