ខេត្ត​ត្បូងឃ្មុំ ប្តេជ្ញាចិត្ត​បង្ក្រាប ទីតាំង​ល្បែង​អន​ឡាញ​ខុសច្បាប់ និង​ឧក្រឹដ្ឋជន ឆបោក​តាម​អន​ឡា​ញ​(online scam) ឱ្យអស់​ពី​ក្នុង​ខេត្ត​

ត្បូងឃ្មុំ​៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ចាត់វិធានការ​បង្ក្រាប​លើ​ទីតាំង ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (online scam) ឱ្យអស់​ពី​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ការលើកឡើង​នេះ ក្នុង​ឱ្យ​កាស ឯកឧត្តម អភិបាលខេត្ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត ដឹកនាំ​ដោយ ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៦ ក្នុង​សាលប្រជុំ ក សាលាខេត្ត​ត្បូងឃ្មុំ​។​

​ឯកឧត្តម ប៉ែន កុសល្យ បាន​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត ដែល​ក្នុង​រយៈ​២ ខែ​ដើមឆ្នាំ​២០២៦​នេះ គណៈបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចាត់វិធានការ​ក្តៅគគុក​ដើម្បី​បង្ក្រាប​លើ​ទីតាំង​ល្បែង​អន​ឡាញ​ខុសច្បាប់ និងឧ​ក្រិត​ជន​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (online scam) ឱ្យអស់​ពី​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

​ឯកឧត្តម​អភិបាលខេត្ត​បន្ត​លើកឡើង​ថា ការចុះ​បង្ក្រាប​នេះ​គឺ​ធ្វើឡើង​ស្រប​ទៅតាម​ប្រសាសន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធ្វើ​យ៉ាងណា​កម្ចាត់ online scam ឱ្យអស់​ពី​កម្ពុជា ដើម្បី​កុំឱ្យ​កម្ពុជា​ក្លាយ​ជា​ទីតាំង​របស់​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ និង​ល្បែង​អន​ឡាញ​ខុសច្បាប់​។

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានធ្វើការ​សាទរ និង​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដែល​បាន​បំពេញការងារ​យ៉ាង​យកចិត្តទុកដាក់ និង​ស្រ​ស្រាក់​ស្រ​ស្រ៊ាំ​។​

​ជាមួយគ្នានេះដែរ ក្នុងឱកាស​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា បាន​លើកយក​របៀបវារៈ​ចំនួន​៤ មក​ពីភាក្សា និង​អនុម័ត​៖
១-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​។​
២-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០២៦ របស់ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ។​
៣-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព​ការងារ​រយៈពេល​បី​ខែ (​មេសា​- ឧសភា​-​មិថុនា​)​ឆ្នាំ​២០២៦ របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ។​
៤- បញ្ហា​ផ្សេងៗ​ផងដែរ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *