ក្រុម​ការងារ​ចម្រុះ គ​.​ប​.​ឆ​.​ប ចុះ​ត្រួតពិនិត្យ និង​បិទ​ប្លុំ​បេទីតាំង​ក្រុមហ៊ុន​ចំនួន ៥ កន្លែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​រក​ឃើញ​ជន​បរទេស​ល្មើសច្បាប់ និង​ឧបករណ៍​ល្បែងស៊ីសង​

​ខេត្ត​ត្បូងឃ្មុំ​៖ យោងតាម​របាយការណ៍​ផ្លូវការ ក្នុង​រយៈពេល ២​ថ្ងៃ​ជាប់ៗ​គ្នា គឺ​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៦ ក្រុម​ការងារ​ចម្រុះ​ចំណុះ​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​បង្ក្រាប​ការជួញដូរ​មនុស្ស និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ទម្រង់ (​គ​.​ប​.​ឆ​.​ប​) បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ និង​ពង្រឹង​ការបិទប្លុំ​បេ​បណ្តោះអាសន្ន​លើ​ទីតាំង​ក្រុមហ៊ុន និង​ខុន​ដូរ​ចំនួន ៥​កន្លែង ស្ថិតក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ ប៉េង គង់ អនុប្រធាននាយកដ្ឋាន​កណ្តាល​សន្តិសុខ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដោយ​មាន​ការចូលរួម​សហការ​ពី គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ (​ប្រចាំការ​ខេត្ត​ត្បូងឃ្មុំ​) កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ផ្ទាល់​ដោយ លោក កែវ ភក្តី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​។​

​ជា​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​នី​មួយៗ រួមមាន​៖
១. ក្រុមហ៊ុន GOLDBI RESORT (​ចុះ​ថ្ងៃ​ទី​០៨ មិថុនា​) ស្ថិតនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ។ ក្រុម​ការងារ​បាន​ពិនិត្យឃើញ​អគារ​ចំនួន ៥ មានដូចជា បន្ទប់​ស្នាក់នៅ អាហា​រដ្ឋា​ន និង​ឃ្លាំង​សម្ភារៈ​។ ក្នុងនោះ ក្រុម​ការងារ​បាន​រក​ឃើញ​ឧបករណ៍​បច្ចេកទេស​ទា​ញ​សេវា​ទូរស័ព្ទ (POWER BEAM) ដែល​ត្រូវបាន​ដកហូត​ប្រគល់ជូន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (​ន​.​ទ​.​ក​) ព្រមទាំង​បាន​រកឃើញ​តុ​ល្បែង​ចំនួន ៣ និង​ម៉ាស៊ីន​បាញ់​ត្រី​ចំនួន ២​គ្រឿង​។ ក្រុម​ការងារ​បាន​កាត់​ផ្តាច់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​តដែល​នៅ​សេសសល់ ២​ខ្សែ​ទាំងស្រុង និង​បាន​ប្រើប្រាស់​ក្រដាស់​ប្លុំ​បេ (SEALED) ថ្មី​ចំនួន ៧២​សន្លឹក ដើម្បី​បិទ​បន្ថែម​ជំនួស​ក្រដាស​ចាស់​ដែល​ខូចខាត ហើយ​សោ​ទីតាំង​ត្រូវបាន​ប្រគល់ជូន​ស្នងការដ្ឋាន​ខេត្ត​គ្រប់គ្រង​។​

២. ក្រុមហ៊ុន សួន​ឧស្សាហ៍កម្ម​ផ្លូវ​៧២ (​ចុះ​ថ្ងៃ​ទី​០៩ មិថុនា​) ស្ថិតនៅ​ភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំងផ្លុង​ស្រុក​ពញាក្រែក ដែល​ទីតាំង​នេះ​មាន​អគារ​ចំនួន ៣៣​អគារ ដែល​ត្រូវបាន​កាត់ផ្តាច់​ប្រព័ន្ធ​ទឹក ភ្លើង និង​អ៊ី​ន​ធើ​ណេត​រួចរាល់ ព្រម​ទាំង​ពុំ​មាន​ជនបរទេស​ស្នាក់​នៅ​ឡើយ​។ ក្រុម​ការងារ​បាន​ធ្វើ​កំណត់ហេតុ​បិទ​បន្ថែម​ក្រដាស​ប្លុំ​បេ​ថ្មី​ចំនួន ៣៨​សន្លឹក ដើម្បី​បំពេញ​បន្ថែម​លើ​ក្រដាស​ចាស់​ដែល​ខូចខាត​ដោយសារ​អាកាសធាតុ រួច​ប្រគល់​កូនសោ​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចាត់ចែង​បន្ត​។​

៣. ទីតាំង ហៅ​ស៍ខុន​ដូរ (​ចុះ​ថ្ងៃ​ទី​០៩ មិថុនា​)៖
​ស្ថិតនៅ​ភូមិ​ត្រពាំងផ្លុង​ទី​១ ឃុំ​ត្រពាំង​ផ្លុង​។ ជា​អគារ​កម្ពស់ ៤​ជាន់ ដែល​ពុំ​មាន​ជនបរទេស​ស្នាក់នៅ​។ ក្រុម​ការងារ​បាន​សម្រេច​កាត់ផ្តាច់​ប្រព័ន្ធ​ទឹក​ទាំងស្រុង (​ខណៈ​ប្រព័ន្ធ​ភ្លើង និង​អ៊ី​ន​ធើ​ណេតត្រូវ​បានផ្តាច់​រួចរាល់​ពីមុ​ន​)​។ ដោយសារ​ក្រដាស​ប្លុំ​បេ​ចាស់តាំងពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២៦ នៅ​មាន​សភាព​ល្អ​ធម្មតា ក្រុម​ការងារ​បាន​សម្រេច​រក្សា​ស្ថានភាព​ដើម ដោយ​មិន​ប្រើប្រាស់​ក្រដាស​ប្លុំ​បេ​បន្ថែមឡើយ​។​

៤. ក្រុមហ៊ុន អ៊ែកស៍ អ​ហ្វ ស្តេត ឯ ក ឬ​ការដ្ឋាន​២៦០ (​ចុះ​ថ្ងៃ​ទី​០៩ មិថុនា​)៖
​ស្ថិតនៅ​ភូមិ​អំពិល ឃុំ​កក់​។ ទីតាំង​នេះ​រួម​មាន​វីឡា ៣​ជាន់ ចំនួន ១២០​ខ្នង​, អគារ​ពាណិជ្ជកម្ម ៦​ជាន់ ចំនួន ២​អគារ​, សណ្ឋាគារ ២​កន្លែង និង​ការដ្ឋាន​កំពុង​សាងសង់​មួយចំនួន​។ ប្រព័ន្ធ​ទឹក ភ្លើង អ៊ី​ន​ធើ​ណេត និង​ខ្សែកាប​ទូរគមនាគមន៍ ៣​ខ្សែ ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង និង​ពុំ​មាន​ជនបរទេស​ស្នាក់​នៅ​ឡើយ​។ ក្រុម​ការងារ​បាន​រៀបចំ​កំណត់ហេតុ​បិទ​បន្ថែម​ក្រដាស​ប្លុំ​បេ​ថ្មី​ចំនួន ៣២​សន្លឹក និង​ប្រគល់​កូនសោ​ជូន​ស្នងការដ្ឋាន​ខេត្ត​។​

៥. ក្រុមហ៊ុន ឃី​ង​រ៉ូ​ស្ទើ អេន​ធើ​ធេន​មិន ឯ ក (​ចុះ​ថ្ងៃ​ទី​០៩ មិថុនា​)៖
​ស្ថិតនៅ​ភូមិ​អំពិល ឃុំ​កក់​។ ទីតាំង​នេះ​មាន​អគារ​ចំនួន ៣៣​អគារ និង​វីឡា ១៥​ខ្នង​។ ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ កម្លាំង​ជំនាញ​បាន​រកឃើញ​មាន​ជនបរទេស​ស្នាក់នៅ​ចំនួន ៣៦​នាក់ (​ស្រី ៧​នាក់​) ដែល​មិន​មាន​ឈ្មោះ​ចុះ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍ (FPCS) ឡើយ​។​

​សមត្ថកិច្ច​បាន​សម្រេច​ពិន័យ​អន្តរកាល​តាម​ច្បាប់​ស្តីពី​អន្តោប្រវេស​ន៍ (​ល្មើស​មាត្រា ១៨) លើ​ម្ចាស់​ទីតាំង និង​ជនបរទេស​ម្នាក់ៗ​ចំនួន ៣០,០០០​រៀល​។ ក្នុងនោះដែរ ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ HUANG JIN ភេទ​ប្រុស កើត​ថ្ងៃ​ទី​២៦.០២.២០០០ កាន់​លិខិតឆ្លងដែន​លេខ EJ4594934 ត្រូវបាន​រកឃើញ​ថា​ហួស​សុពលភាព​ទិដ្ឋាការ (Overstay) ដែល​ត្រូវ​ធ្វើ​សំណើ​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​នីតិវិធី​បណ្តេញចេញ​។ ជាមួយគ្នា​នោះ ប្រព័ន្ធ​ទឹក ភ្លើង អ៊ី​ន​ធើ​ណេត ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង និង​បាន​បិទ​បន្ថែម​ក្រដាស់​ប្លុំ​បេ​ថ្មី​ចំនួន ៨៧​សន្លឹក​។​

​សរុប​ជា​រួម​ក្នុង​ប្រតិបត្តិការ​រយៈពេល ២​ថ្ងៃនេះ ក្រុម​ការងារ​ចម្រុះ​បាន​ប្រើប្រាស់​ក្រដាស​ប្លុំ​បេ​ថ្មី​សរុប​ចំនួន ២២៩​សន្លឹក ដើម្បី​ធានា​សុវត្ថិភាព និង​រក្សា​ការពារ​ស្ថានភាព​បិទ​បណ្តោះអាសន្ន​លើ​ទីតាំង​ទាំង​នោះ ព្រមទាំង​បាន​ចាត់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជន​បរទេស​ដែល​ល្មើសច្បាប់​ស្នាក់​នៅ​កម្ពុជា​ផងដែរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *