ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អញ្ជើញ​ប្រកាស ឯកឧត្តម រស់ ផា​រិទ្ធ និង​ឯកឧត្តម ស្រេង សុភាព ចូលកាន់​មុខ​តំណែង​ជា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​

(​ខេត្ត​ត្បូងឃ្មុំ​) ៖ រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ នេះ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​ចូល​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ចំនួន ០២​រូប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ (​គ​) សាលាខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​-​ស្រុក កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​យ៉ាងច្រើន​កុះករ​។​

​យោងតាម​អនុក្រឹត្យ​លេខ ៤៥៨ អនក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​ជាន់ខ្ពស់​ចំនួន ០២​រូប ត្រូវបាន​ផ្ទេរ​ភារកិច្ច​មក​ជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ រួមមាន​៖
១. ឯកឧត្តម រស់ ផា​រិទ្ធ (​ឋានន្តរស័ក្តិ​ឧត្តមម​ន្ដ្រី ថ្នាក់​លេខ​១) ផ្ទេរ​ភារកិច្ច​ពី​អភិបាលរង​ខេត្ត​ស្វាយរៀង​។​
២. ឯកឧត្តម ស្រេង សុភាព (​ឋានន្តរស័ក្តិ​ឧត្តមម​ន្ដ្រី ថ្នាក់​លេខ​១) ផ្ទេរ​ភារកិច្ច​ពី​អភិបាលរង​ខេត្ត​ក្រចេះ ដែល​ការតែងតាំង​នេះ គឺ​ជំនួស ឯកឧត្តម ពាង ណា​រិទ្ធ និង​ឯកឧត្តម កេង ប៊ុន​ណា ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ទៅ​ជា​អភិបាលរង​ខេត្តក្រចេះ​វិញ​។​

​ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​សម្តែង​ការអបអរសាទរ និង​បាន​អាន​របាយការណ៍​ស្វាគមន៍ ព្រមទាំង​បាន​គូសបញ្ជាក់ថា សមិទ្ធផល​ទាំងឡាយ​ក្នុង​ខេត្ត​នា​ពេលកន្លងមក គឺ​កើតចេញ​ពី​សាមគ្គីភាព និង​ការខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​ថ្នាក់ដឹកនាំ និង​មន្ទីរ​ជំនាញ​។ ឯកឧត្តម​សង្ឃឹម​យ៉ាង​មុតមាំ​ថា អភិបាលរង​ខេត្ត​ដែល​ទើប​តែងតាំង​ថ្មី នឹង​បន្ត​ខិតខំ​បំពេញ​តួនាទី ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ឯកភាព​ផ្ទៃក្នុង ដើម្បី​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​ជា​ការឆ្លើយតប ឯកឧត្តម រស់ ផា​រិទ្ធ និង ឯកឧត្តម ស្រេង សុភាព ជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ​ថ្មី បាន​ឡើង​ថ្លែង​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការអនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ ដោយ​សន្យាថា​នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កសាង​សេវា​សង្គម និង​រួមចំណែក​ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សាធារណៈ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​ឱ្យ​ឯកឧត្តម​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ដែល​ទើប​និង​ទទួល​ការតែងតាំង​ថ្មី ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច តាមរយៈ​ចំណេះដឹង សមត្ថភាព និង​បទពិសោធន៍​ការងារ​របស់​ខ្លួន ដើម្បី​បន្ត​ចូលរួម​ក្នុង​ការងារ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍន៍​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន និង​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត​។​

​មុន​នឹង​បញ្ចប់ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា ក៏​បាន​ណែនាំ​ផងដែរ ដល់​រដ្ឋបាល​ខេត្ត សូម​បន្ត​បង្ការ​បង្ក្រាប​ក្មេង​ទំនើង និង​ស្រាវជ្រាវ​តាម​ជំនាញ​បង្ក្រាប​មុខសញ្ញា​ដែល​កំពុង​គេចខ្លួន និង​មុខសញ្ញា​ក្រុម​ក្មេង​ទំនើ​ង និង​បន្ត​ចុះ​ល្បាត​ត្រួតពិនិត្យ​ដើម្បី​បង្ការ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស ស្រាវជ្រាវ​តាមដាន ក្នុង​មូលដ្ឋាន គ្រប់គ្រង​ជនបរទេស និង បោសសម្អាត Online Scams ដែល​លួចលាក់​នៅតាម​មូលដ្ឋាន​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​បំផុត​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *