រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​តាម​បណ្តា​ក្រុង ស្រុក សម្រាប់​អាជីវករ សមាជិក​ភូមិ​មួយ​ផលិតផល​មួយ​

ត្បូងឃ្មុំ​៖ ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត​ត្បូងឃ្មុំ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​តំណាង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​រៀបចំ​វគ្គ​បណ្តុះបណ្តាល​តាម​បណ្តា​ក្រុង ស្រុក សម្រាប់​អាជីវករ សមាជិក​ភូមិ​មួយ​ផលិតផល​មួយ និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំង​រៀបចំ​ផ្គូរ​ផ្គង​រវាង​អ្នក​លក់​និង​អ្នកទិញ នៅ​សាលប្រជុំ ក សាលាខេត្ត​ត្បូងឃ្មុំ​។​

​ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការផលិត ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក និង​ដើម្បី​អនុវត្តតាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​ណែនាំ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍ស​ហ​គ្រាស​ធុន​តូច​មធ្យម ជាពិសេស​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​មួយចំនួន ដូចជា​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ (SDF) សហគ្រិន​ខ្មែរ​(KE) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​រិទ្ធិ​ពល និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង​អាជីវកម្ម​សម្រាប់​សហគ្រាស​ក្រៅ​ប្រព័ន្ធ និង​វេទិកា​ផ្គូរ​ផ្គង​រវាង​អ្នក​ផលិត និង​អ្នកទិញ ផងដែរ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ ប្រជាពលរដ្ឋ អាជីវករ និង​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​វេទិកា​នេះ​។​

​ជាមួយគ្នានេះដែរ លោក ឈុំ សុខ​គា ប្រធាន​នាយកដ្ឋាន​ទីផ្សារ និង​ស្តង់ដារ​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ភូមិ​មួយ ផលិតផល​មួយ បាន​លើកឡើង​ថា វគ្គ​បណ្តុះបណ្តាល និង​កម្មវិធី​ផ្គូរ​ផ្គង​អាជីវកម្ម​នេះ នឹង​ផ្តោត​សំខាន់​លើ​ចំណុច​គន្លឹះ​ចំនួន​៣​រួមមាន​៖

​ការអភិវឌ្ឍ​ជំនាញ​ឌីជីថល​៖ ការពង្រឹង​សមត្ថភាព​លើ​ការគ្រប់គ្រង​អាជីវកម្ម ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-commerce) ដើម្បី​ដើរ​ឱ្យទាន់​ការវិវត្ត​នៃ​ទីផ្សារ​សម័យថ្មី ។​

​ការតភ្ជាប់​បណ្តាញ​ទីផ្សារ​៖ បង្កើត​វេទិកា​ជួបជុំ​ផ្ទាល់​រវាង​អ្នក​ផលិត និង​អ្នកទិញ​ខ្នាត​ធំ ដូចជា​ផ្សារ​ទំនើប និង​ក្រុមហ៊ុន​ចែកចាយ ដើម្បី​ពង្រីក​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទំនិញ​ក្នុងស្រុក​។​

​ការទទួល​បាន​ការ​គាំពារ​៖ ការណែនាំ និង​ការលើកទឹកចិត្ត​ឱ្យ​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ទទួល​បាន​ការ​គាំពារ​ផ្នែក​សន្តិសុខ​សង្គម ព្រមទាំង​ឱកាស​ទទួលបាន​ប្រភព​ទុន​ហិរញ្ញវត្ថុ​ផ្លូវការ ។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​បន្តថា កម្មវិធី​នេះ​គឺជា​ឱកាស​ដ៏​សំខាន់​សម្រាប់​បងប្អូន​អាជីវករ​ខ្នាត​មីក្រូ បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នកលក់ដូរ​តាម​កញ្ច្រែង កន្ត្រក កង់​បី ម៉ូតូឌុប ឬ​ហាង​កាត់សក់ ក្នុង​ការលើកកម្ពស់​កម្រិតជីវភាព និង​ពង្រីក​មុខរបរ​របស់​ខ្លួន​ថែមទៀត​ផង​៕
​អត្ថបទ​ដោយ​៖ ជឿន សុធន​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *