ក្រុមហ៊ុន MinebeaMitsumi Inc. បន្ត​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា

​ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Yoshihisa Kainuma អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន MinebeaMitsumi Inc. និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន MinebeaMitsumi Inc. នៅ​កម្ពុជា រហូត​ទទួល​បាន​សមិទ្ធផល និង​ជោគជ័យ ជាទី​មោទនៈ ដូច​សព្វថ្ងៃនេះ​។ លោក​អគ្គនាយក​ប្រតិបត្តិ ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​អំពី​វឌ្ឍនភាព​អាជីវកម្ម និង​គម្រោង​សម្ពោធ​រោងចក្រ​ថ្មី​នៅ​កម្ពុជា ព្រមទាំង​ផែនការ​ក្នុង​ការពង្រីក​ការវិនិយោគ​បន្ថែមទៀត របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។ លោក​អគ្គនាយក​បានបញ្ជាក់​ថា ភាពជោគជ័យ និង​ការរីកចម្រើន​របស់​ក្រុមហ៊ុន ជា​កត្តា​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ផ្សេង​ទៀត​ឱ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​នៅតែ​មាន​ជំនឿ​ទុកចិត្ត​លើ​បរិយាកាស និង​ស្ថិរភាព​នៃ​ការវិនិយោគ នៅ​កម្ពុជា​។ ជាមួយគ្នានេះ​, ក្រុមហ៊ុន​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ទី​១៥​ឆ្នាំ នៃ​ប្រតិបត្តិការ​អាជីវ​កម្ម​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា នា​ខែ​ធ្នូ​ខាងមុខ​។

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​វឌ្ឍនភាព និង​ភាពជោគជ័យ​របស់​ក្រុមហ៊ុន MinebeaMitsumi Inc. នៅ​កម្ពុជា ដោយ​បាន​គូសបញ្ជាក់ថា ជោគជ័យ​របស់​ក្រុមហ៊ុន MinebeaMitsumi Inc. ក៏​ជា​ជោគជ័យ​របស់​កម្ពុជា​ផងដែរ​។ រាជរដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​, ធានា​បរិយាកាស​អំណោយផល​សម្រាប់​វិនិយោគិន និង​បន្ត​ធានា​បរិយាកាស​វិនិយោគ​ប្រកប​ដោយ​ភាព​ធន់ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។ ទន្ទឹមនឹងនេះ​, សម្តេច​ធិបតី​បាន​លើកឡើង​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ចាំបាច់​នានា ដើម្បី​សម្របសម្រួល​ដល់​ការធ្វើ​ធុរកិច្ច និង ការវិនិយោគ​នៅ​កម្ពុជា រួមមាន​៖ ការធ្វើកំណែទម្រង់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC), ការជំរុញ គាំទ្រ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ឱ្យ​កាន់តែ​រឹងមាំ និង​ការផ្តល់​ការលើកទឹកចិត្ត​តាមរយៈ​ការអនុគ្រោះ​ពន្ធ​លើ​វិស័យ​សក្ដានុពល និង​យុទ្ធសាស្ត្រ​របស់​កម្ពុជា​។

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យ​លទ្ធភាព​វិនិយោគ​បន្ថែម​លើ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​, ស្វែងរក​ដៃគូ​សក្តានុពល​ក្នុងស្រុក និង​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការវិនិយោគ ក៏ដូចជា​ចាប់យក​ឱកាស​ថ្មីៗ​ក្នុង​ការរីកចម្រើន​ទៅ​មុខ​ជាមួយ​កម្ពុជា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *