​ព្រីត​ថេន នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​

ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Baroness Winterton រដ្ឋមន្ត្រី ទទួលបន្ទុក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក នៃ​ក្រសួង​ការបរទេស កុំ​មិនវែល និង​អភិវឌ្ឍន៍ ព្រីត​ថេន ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ព្រីត​ថេន និង​កម្ពុជា ដោយ​លោក​ជំទាវ​បាន​គូសបញ្ជាក់ថា ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ការទូត​ជា​ប្រពៃណី និង​យូរអង្វែង​ជាមួយគ្នា​។ ទន្ទឹមនឹងនេះ​, លោកជំទាវ​ក៏បាន​គោរព​ជម្រាប​ជូន សម្តេច​ធិបតី ថា កម្ពុជា គឺជា​ប្រទេស​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ការងា​រ​របស់​លោកជំទាវ ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ បន្ថែម​លើ​នេះ​, លោកជំទាវ​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ការបើកចំហ និង​ឆន្ទៈ​មុតមាំ​របស់​កម្ពុជា ក្នុង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ស្វែងរក​កាលានុវត្តភាព និង​សក្តានុពល​ថ្មីៗ សំដៅ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ជា​ផលប្រយោជន៍​រួម​នៃ​ប្រទេស និង​ប្រជាជន​ទាំងពីរ ខណៈពេល​ដែល​ប្រទេស​ទាំង​ពីរ​នៅ​មាន​វិស័យ​សក្តានុពល​ជាច្រើន​ទៀត ដែល​អាច​រួមចំណែក​ដល់​ការជំរុញ​កិច្ចស​ហ​ប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត ក្នុងឱកាស​នោះ​ដែរ លោកជំទាវ​បាន​បញ្ជាក់​ជា​ថ្មី​ថា ព្រីត​ថេ​ននឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា និង​សកម្មភាព​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​។ លោកជំទាវ​រដ្ឋមន្ត្រី​ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បន្ត​ជួយ និង​ផ្ដល់​ការគាំទ្រ​ដល់​ជនភៀសសឹក ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ជាពិសេស ការ​បន្ត​គាំទ្រ និង​ធានា​ឱ្យ​កុមារ​ទទួលបាន​ការអប់រំ ក្នុងអំឡុងពេល​ផ្លាស់​ទីលំនៅ​ដោយ​សារ​ជម្លោះ​នេះ​ផងដែរ​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រដ្ឋាភិបាលព្រី​ត​ថេន ដែល​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា បាន​ទៅ​បន្ត​ការសិក្សា​នៅព្រីត​ថេន​។ សម្ដេច​ធិបតី បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​ការងា​រ​របស់​លោកជំទាវ​មក​កាន់​កម្ពុជា​នា​ឱកាស​នេះ គឺជា​ការ​បន្ត​រិត​ចំណង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ សម្ដេច​ធិបតី ក៏​បាន​គូស​រំលេច​អំពី​កិច្ចសហប្រតិបត្តិការ​ជាច្រើន ដែល​ប្រទេស​ទាំង​ពីរ​បាន​សហការ​គ្នា និង​បាន​សង្កត់ធ្ងន់​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​ជាច្រើន​បន្ថែមទៀត​។ សម្តេច​ធិបតី ក៏​បាន​អរគុណ​ចំពោះ​លោក​ជំទាវ​រដ្ឋមន្ត្រី​ដែល​បាន​ធ្វេី​ទស្សនកិច្ច​នៅ​តំបន់​រស់នៅ​របស់​ជន​ភៀស​សឹក​កម្ពុជា ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។

​សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​បន្ត​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​សក្តានុពល​ជាច្រើន រួមមាន ជាអាទិ៍​៖ អប់រំ​, ទេសចរណ៍​, សន្តិសុខ និង​ការពារ​ជាតិ​, ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​, ការផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន ក៏ដូចជា​ការតភ្ជាប់រ​វាង​វិស័យ​ឯកជន និង​ឯកជន​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី បាន​ជម្រាប​លោក​ជំទាវ​រដ្ឋមន្ត្រី អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី ដោយ​ផ្អែកលេ​ី​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *