គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​

ភ្នំពេញ ៖ ​នា​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២ (ISC-2)  ​ដឹកនាំ​ដោយ ឯកឧត្តម Syed Yusaf Raza Gilani ប្រធាន​ព្រឹទ្ធសភា​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន និង​ជា​ប្រធាន​ស្ថាបនិក​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា (ISC) នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធាន​គណ​:​ប្រតិភូ នៃ​ISC បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បានរៀបចំ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» ប្រកបដោយ​ជោគជ័យ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា​វេទិកា ISC បាន​ត្រូវ​បង្កើតឡើង ដោយ​ឈរ​លើ​ទស្សនាទាន​នៃ​សន្តិភាព​, ស្ថិរភាព និង​ការអភិវឌ្ឍ ព្រមទាំង​ការលើកកម្ពស់​ការគោរព​ច្បាប់​អន្តរជាតិ រួមទាំង ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​, សំដៅ​ចូល​រួមចំណែក​ធានា​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក​។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការពង្រឹង​ទំនាក់ទំនង​ការទូត និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ​ដើម្បី​គាំទ្រ​ដល់​ការកសាង និង​ការរក្សា​សន្តិភាព និង​ស្ថិរភាព​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ ISC-2 នៅ​កម្ពុជា​។ សម្តេច​ធិបតី​បាន​គូសបញ្ជាក់​ពី​តួនាទី​គន្លឹះ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ដែល​បំពេញ​បន្ថែម​ឱ្យ​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុង​ការកសាង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។ សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់ថា សន្តិភាព​មានតម្លៃ​ជា​សារវន្ត សម្រាប់​ការអភិវឌ្ឍ ។ ឆ្លៀត​ក្នុង​ឱកាស​នោះ​, សម្តេច​ធិបតី​បាន​ចែករំលែក​នូវ​បទពិសោធន៍​របស់​កម្ពុ​ជា​ក្នុង​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង ប្រកបដោយ​ជោគជ័យ ដែល​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​ជា​ប្រវត្តិសាស្ត្រ តាមរយៈ «​នយោបាយ​ឈ្នះ​-​ឈ្នះ​» របស់​សម្ដេច​តេជោ ហ៊ុន សែន ។​  កម្ពុជា​យល់ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព និង​ប្រាថ្នា​ចង់​រស់នៅ​ក្នុង​សុខ​សន្តិភាព​យូរអង្វែង​ជាមួយ​បណ្តា​ប្រទេស​ជិតខាង​ទាំង​អស់​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី​បាន​ជម្រាប​ជូន​គណៈប្រតិភូ នៃ​សន្និសីទ​ប្រធានសភា នៃ​អន្តរ​សភា លើក​ទី​២  អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី ដោយ​ផ្អែកលេ​ី​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *