កម្ពុជា​សូម​ស្វាគមន៍​ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​អ៊ីស្លាម​ប៉ា​គី​ស្ថាន ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ឯកឧត្តម​បណ្ឌិត ធន់ វឌ្ឍនា អនុប្រធាន​ទី​២ ព្រឹទ្ធសភា បាន​អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម ស៊ី​យ៉េដ យូ​សាហ្វ រ៉ា​សា ហ្គី​ឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន និង​ជា​ប្រធាន​ស្ថាបនិក នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា (ISC) ដឹកនាំ​គណៈប្រតិភូ​ព្រឹទ្ធសភា​ប៉ា​គី​ស្ថាន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ឯកឧត្តម​ប្រធានព្រឹទ្ធសភា និង​គណៈប្រតិភូ នឹង​អញ្ជើញ​ចូល​ក្រាប​បង្គំ​គាល់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អញ្ជើញ​ជួប​ទ្វេភាគី​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួប​សម្ដែង​ការគួរសម​ចំពោះ សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម​ប្រធានព្រឹទ្ធសភា​ប៉ា​គី​ស្ថាន នៅ​កម្ពុជា នឹង​ជំរុញ​ការ​រឹតចំណង​មិត្តភាព ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិកា​រសភា​កម្ពុជា​-​ប៉ា​គី​ស្ថាន​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​ជា​ពិសេស រួមចំណែក​ដល់​ការលើកកម្ពស់​របៀបវារៈ​ការទូត​សភា​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុង​ការកសាង​និង​រក្សា​សន្តិភាព ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់ និង​ពិភពលោក តាមរយៈ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *