ប្រធានរដ្ឋសភា​ម៉ាឡេស៊ី ប្ដេជ្ញា​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​

​ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភា​ម៉ាឡេស៊ី នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​កម្ពុជា​ក្នុង​ការរៀបចំ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» យ៉ាង​ល្អ​ប្រ​សេីរ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ម៉ាឡេស៊ី​-​កម្ពុជា​។ ឯកឧត្តម​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​កម្ពុជា​-​ម៉ាឡេស៊ី កំពុង​ស្ថិត​ក្នុង​ទិសដៅ​ដ៏​ត្រឹមត្រូវ និង​បាន​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ម៉ាឡេស៊ី​នឹង​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់ និង​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​។ ទន្ទឹមនឹងនេះ សម្តេច​ធិបតី បាន​គូស​រំលេច​ពី​កំណើន​គួរ​ឱ្យ​កត់សម្គាល់​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ព្រមទាំង​បាន​បញ្ជាក់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្ដានុពល​ជាច្រើន​ទៀត​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​សម្ដេច​ធិបតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា បាន​បន្ត​ពិភាក្សា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ជាច្រើន រួមមាន វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​, សុខាភិបាល​, ការអប់រំ និង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​,​ទេសចរណ៍ ,​ថាមពល​, បច្ចេកវិទ្យា និង​បញ្ញា​សិប្បនិម្មិត (AI)​។​

​លើសពីនេះ សម្តេច​ធិបតី និង​ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​ឯកភាពគ្នា​លើ​សារៈសំខាន់​នៃ​កិច្ច​សហការ និង​ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មីៗ​ប្រកបដោយ​ប្រសិទ្ធភាព​សំដៅ​រួមចំណែក​ដល់​ការថែរក្សា​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់​។​

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​យ៉ាង​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ឯកឧត្តម អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យសម្រេចបាន​នូវ​បទ​ឈប់​បាញ់ និង​សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ព្រមទាំង​បាន​ជម្រាប​ឯកឧត្តម​ប្រធានរដ្ឋសភា អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​សន្តិវិធី ដោយ​ផ្អែកលេ​ី​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *