ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ខួប ១០០​ថ្ងៃ របស់​វីរ​កងទ័ព សៀង សាត និង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្ទះ ជូន​គ្រួសា​វីរ​យុទ្ធជន អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោកជំទាវ​បណ្ឌិត ពេជ្រ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ស្ថិតនៅ​ស្រុក​ចំការលើ​

(​កំពង់ចាម​): ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែតុលា ឆ្នាំ​២០២៥ នេះ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ខួប ១០០​ថ្ងៃ រ៊​របស់​វីរ​កងទ័ព វរសេនីយ៍ឯក សៀង សាត ដែល​បាន ពលី ជីវិត​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​នៅ​គេហដ្ឋាន ភូមិ​ស្រែប្រាំង ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។​

​គួររំលឹកថា វីរ​កងទ័ព វរសេនីយ៍ឯក សៀង សាត អាយុ ៤៤​ឆ្នាំ បម្រើ​ការងារ​នៅ​យោធិន​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៩ កងពលធំ​អន្តរាគមន៍​លេខ​៣ និង​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី ពី​ចោរ​ឈ្លានពាន​សៀម នៅ​ថ្ងៃ​ទី ៧ ខែកក្កដា ឆ្នាំ​២០២៥​។​

វីរ​កងទ័ព វរសេនីយ៍ឯក សៀង សាត មាន​ប្រពន្ធ ឈ្មោះ ឈុំ សុខ​ខេន អាយុ ៣១​ឆ្នាំ មុខ​របប ធ្វើស្រែ​ចំការ មានកូន​ចំនួន ៣​នាក់ ស្រី ទាំង​៣​នាក់ កូន​ទី​១ -​ឈ្មោះ សេក កាន់​ដា អាយុ​១៤​ឆ្នាំ ,​ទី​២ ឈ្មោះ សេក នី​តា អាយុ ៩​ឆ្នាំ ទី​៣ ឈ្មោះ សេក ម៉ូ​លីកា អាយុ ២​ឆ្នាំ​។

​នា​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​ភរិយា វរសេនីយ៍ឯក សៀង សាត សូម​ខិតខំ​ថែទាំ​សុខភាព ឲ្យបាន​ល្អ ទាំង​ខ្លួនឯង និង​កូនៗ ព្រោះ​បច្ចុប្បន្ននេះ អាកាសធាតុ​មាន​ភាពប្រែប្រួល ដោយ​កម្ពុជា​យើង​បាន​ទទួល​រង​សម្ពាធ​ពី​ព្យុះ​មូសុង​និរតី ដែល​អាច​បណ្តាលឲ្យ​កើត​ផ្តាសាយ ផងដែរ​។ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ស្នើ​ឲ្យ​អ្នកស្រី ឈុំ សុខ​ខេន ជំរុញ​ដល់​កូនៗ​ឲ្យខិត​ខំ​រៀនសូត្រ និង​នាំ​កូនៗ គ្រប់​អាយុ ទៅ​ចុះ​ឈ្មោះ​រៀន​ឲ្យបាន​គ្រប់ៗ​គ្នា​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​បច្ចេកទេស អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្ទះ​ជូន​គ្រួសា​វីរ​យុទ្ធជន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោកជំទាវ​បណ្ឌិត ពេជ្រ ច័ន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ស្ថិតនៅ​ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។

​ឯកឧត្តម អភិបាលខេត្ត ស្នើឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ខាងលើ​ជាប់​ជាប្រចាំ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុម​ជាង​អនុវត្ត​ការងារ​ប្រកបដោយ​ស្តង់ដារ ដើម្បី​ឲ្យ​សំណង់​មាន​គុណភាព​ខ្ពស់​។​

​បើ​តាម​ការបញ្ជាក់​រប​ស់លោក​បណ្ឌិត សំ ពិសិដ្ឋ អភិបាល​ស្រុក​ចំការលើ បានឲ្យដឹងថា សំណង់​ខាងលើ​សម្រេច​ការសាងសង់​បាន​ប្រមាណ ៦០% ដោយ​រំពឹងថា​នឹង​រួចរាល់​១០០% នៅ​បំណាច់​ឆ្នាំ​២០២៥ នេះ​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *